លោករដ្ឋមន្ត្រី វេង សាខុន បានទទួលជួបក្រុមការងារអញ្ជើញមកពីក្រុមហ៊ុន ហ័រឡុង និងសហភាគី ដើម្បីសម្តែងការគួរសម និងជួបផ្តល់បទសម្ភាសន៍ ជាមួយអង្គភាព”មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”

ចែករំលែក៖

ភ្នំពេញ ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៩:០០ ព្រឹកថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ លោករដ្ឋមន្ត្រី វេង សាខុន បានទទួលជួបក្រុមការងារអញ្ជើញមកពីក្រុមហ៊ុន ហ័រឡុង និងសហភាគី ដើម្បីសម្តែងការគួរសម និងជួបផ្តល់បទសម្ភាសន៍ ជាមួយអង្គភាព”មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”ទាក់ទងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ជារួមនិងដោយឡែកនោះគឺផលិតផលផ្លែឈើកម្ពុជា និងទីផ្សារ រវាងកម្ពុជា-ចិន។

សូមបញ្ជាក់ថា, ជាបឋម លោកនាយកក្រុមហ៊ុន បានលើកឡើងថាកម្ពុជា ជាមិត្តរបស់ចិន ហើយនៅប៉ុន្មានឆ្នាំ ចុងក្រោយនេះ ភាគីទាំងពីរបានឯកភាពបង្កើតភាពជាដៃគូយុទ្ធសាស្ត្រពេញលេញ លើការវិនិយោគលើវិស័យកសិកម្ម ។ ក្នុងជំនួបនេះតំណាងក្រុមហ៊ុន ហ័រឡុង និងសហភាគី បានគូសបញ្ជាក់ប្រាប់លោករដ្ឋមន្ត្រីក្រសួងកសិកម្ម អំពីការនាំចូលក្រូចឃ្វិច មកកម្ពុជា ហើយនឹងត្រូវនាំផលិតផលកសិកម្មពីកម្ពុជាទៅកាន់ប្រទេសចិនក្រោយបុណ្យបុណ្យចូលឆ្នាំចិន-វៀតណាមរួច។
ឆ្លើយតាមនិងសំណួរថា, តើលោករដ្ឋមន្ត្រីធ្លាប់បានទទួលទានក្រូចឃ្វិចមកពីចិនទេ?  ហើយមានចំណាប់អារម្មណ៌យ៉ាងណាចំពោះក្រូចឃ្វិច មកពីឌីឈុង ខេត្តក្វាងតុង? លោករដ្ឋមន្ត្រីមានប្រសាសន៍ថា, មិនត្រឹមតែធ្លាប់បានញាំទេ ក្រូចឃ្វិចពេញនិយមបំផុតនៅកម្ពុជា ពិសេសប្រជា ពលរដ្ឋបានជាវ សម្រាប់យកមកពិសារ ជាមួយនឹងការរៀបចំកម្មវិធីបុណ្យទាននានា ស្ទើរគ្រប់កម្មវិធី។

ជាមួយនឹងសំណួរពីតំណាងអង្គភាព”មជ្ឈមណ្ឌលសារព័ត៌មាន នគរវត្ត” សួរថា, តើកិច្ចសហកប្រតិបត្តិការ រវាងកម្ពុជា និងចិនលើវិស័យកសិកម្មមានមូលដ្ឋានគ្រឹះអ្វីខ្លះ? លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានគូសបញ្ជាក់ថា, កិច្ចសហប្រតិបត្តិការចិន-កម្ពុជាលើវិស័យកសិកម្មបានប្រព្រឹត្តទៅក្នុងរបៀបវារៈរបស់ប្រមុខរដ្ឋទាំងពីរនៅ ក្នុងវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវាត់ និងផ្លូវលើកដំបូង។ ជាក់ស្តែង បច្ចុប្បន្នមានក្រុមហ៊ុនចិនជាច្រើនបានមកធ្វើការវិនិយោគលើវិស័យកសិកម្ម (ផលិតកម្មដំណាំ វារីវប្បកម្ម មជ្ឈមណ្ឌលទីផ្សារកសិផល ពិពណ៌កសិផល កន្លែងកែច្នៃ វេចខ្ចប់ ធ្វើអនាម័យ កន្លែងសម្លាប់សត្វល្អិតចង្រៃ)។ ការវិនិយោគនេះ គឺមានបំណងអភិវឌ្ឍវិស័យកសិកម្មកម្ពុជាដើម្បីធានាបានបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងស្តងដារទីផ្សារនាំចេញ។ លោកសង្ឃឹមថា នាពេលអនាគតដ៏ខ្លី សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនចិនដែលបាននិងកំពងដំណើរការ នឹងធ្វើឲ្យផលិតផលកសិកម្មកម្ពុជា មានវត្តមាននៅលើទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិនកាន់តែច្រើនឡើងថែមទៀត។

ជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានយើងទាក់ទងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងភាគីទាំងពីរ លោករដ្ឋមន្ត្រីបានផ្តល់ចម្លើយយ៉ាងក្បោះក្បាយ ជាលំដាប់លំដោយ ដោយផ្តើមចេញពីការរកបាននូវសន្តិភាពពេញលេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាចាប់ផ្តើមអភិវឌ្ឍជាជំហានៗលើគ្រប់វិស័យ ជាក់ស្តែងវិស័យកសិកម្មបានប្រែក្លាយពីប្រទេសមួយខ្វះខាតស្បៀង មកជាប្រទេសផលិតស្បៀងដើម្បីធ្វើការនាំចេញ។ ដូចលោកនាយកក្រុមហ៊ុនបានលើកឡើងខាងលើ លោករដ្ឋមន្ត្រីបានបញ្ជាក់ជូនថា យោងលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ បានទាក់ទាញវិនិយោគិនចិនជា ច្រើនមកវិនិយោគលើវិស័យកសិកម្ម ហើយមួយក្នុងចំណោមក្រុមហ៊ុនធំៗទាំងនោះ គឺក្រុមហ៊ុនហ៊ុនទាំងអស់ ដែលបានដាក់ទុនវិនិយោគបង្កើតមជ្ឈមណ្ឌលកសិ-ឧស្សាហកម្ម លើផ្ទៃដី ៨០ហ.ត ដោយធ្វើការបែងចែកទីផ្សារផ្លែឈើ អគារកែច្នៃ អគារវេចខ្ចប់ ឃ្លាំងស្តុក (Cold storage) អគារ ពិពណ៌កសិផលកន្លែងសម្លាប់មេរោគ និងសត្វល្អិតចង្រៃ សម្រាប់ផ្លែឈើដូចជា ស្វាយ មានប៉ៃលិន ចេក ដូង និងផលិតផលវារីវប្បកម្មផងដែរ។ល។ ដើម្បីជួយជំរុញដល់ការនាំចេញកសិផលកម្ពុជា រដ្ឋាភិបាលចិនបានឧបត្ថម្ភមន្ទីរពិសោធន៍ ថ្នាំការពារជំងឺឆ្លងគោ-ក្របី និងជំងឺដំពកស្បែកគោផងដែរ។

តាមរយ:ជំនួយឧបត្ថម្ភនេះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋា ភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្ថានទូតចិន អគ្គរដ្ឋបាលគយដែលបានផ្តល់កិច្ចសហការពិនិត្យ និងវាយតម្លៃលើគុណភាព និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យលើផលិតផលផ្លែ ស្វាយកែវរមៀតកម្ពុជា និងមានប៉ៃលិន ហើយឈានទៅសម្រេចអនុញ្ញាតជាផ្លូវការឲ្យផលិតផលស្វាយ និងចេកអំបូងលឿងនាំចេញទៅកាន់ទីផ្សារចិនជាផ្លូវការកន្លងមក។ មួយវិញទៀត សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនចិន គឺពិតជានឹងចូលរួមបំពេញបន្ថែមនូវខ្សែច្រវាក់ផលិតកម្មផ្លែឈើ ខ្សែច្រវាក់តម្លៃ និរន្តរភាពផលិតកម្ម និងទីផ្សារនាំចេញ។ លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលទាំងពីរនឹងផ្តល់កាលានុវត្តភាពសម្រាប់វិនិយោគិន កសិករ ម្ចាស់ចំការ និងអាជីវករ មានឱកាសពង្រីកសក្តានុពលផលិតកែច្នៃ និងនាំចេញស្របតាមគន្លងប្រក្រតីភាពថ្មី។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា នឹងរង់ចាំផ្តល់កិច្ចសហការ

ធ្វើយ៉ាងណាឲ្យការវិនិយោគសម្រេចទទួលបានជោគជ័យ។
ជាមួយនឹងសំណួរថា, តើទស្សវិស័យលើការអភិវឌ្ឍន៍វិស័យកសិកម្មរវាងកម្ពុជាចិនមានអ្វីខ្លះ? ហើយឱកាស និងបញ្ហាប្រឈមអ្វីខ្លះសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្មរវាងកម្ពុជា និងចិន? និងត្រូវប្រើប្រាស់ RCEP ក្នុងឱកាសយ៉ាងដូចម្តេច ដើម្បីជំរុញដល់វិស័យកសិកម្មឲ្យកាន់តែរីកចម្រើន? លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ថា, កម្ពុជា-ចិន ជាមិត្តដែកថែប សហប្រតិបត្តិការការលើគ្រប់វិស័យ ទោះជាកន្លងទៅបានជួបវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែក្រុមហ៊ុនចិន វិនិយោគលើវិស័យកសិកម្មដាំចេកអំបូងពណ៌លឿង បាននាំចេញទៅកាន់ប្រទេសចិនប្រមាណជា៤០០០តោនក្នុង១ឆ្នាំ, ហើយឆ្នាំបន្ទាប់អាចលើសពីកន្លះលានតោន ក្នុងការនាំចេញ ដែលនេះជាមោទនភាពមួយដែលប្រទេសទាំង២ ។ លោករដ្ឋមន្ត្រីបានលើកឡើងថា, កម្ពុជាព្យាយាមនាំផលិតផលកសិកម្ម ផ្លែឈើ ពីកម្ពុជា អោយបានលឿន ក្នុងការដឹកជញ្ជូន គឺដឹកជញ្ជូនត្រង់ពីកម្ពុជា ទៅកាន់ប្រទេសចិន ដោយមិនបាច់ឆ្លងកាត់ច្រើនដំណាក់កាល ព្រោះថា, ផ្លែឈើខ្លះអាចខូចគុណភាព ប្រសិនបើប្រើពេលយូរលើសពី១សប្តាហ៍ ឬ២សប្តាហ៍ ចតរក្សាទុកយូរនៅកំពង់ផែណាមួយ។ លោករដ្ឋមន្ត្រីបានថ្លែងថា, យើងនឹងផែទឹកជ្រៅមួយដែលជាមធ្យោបាយដឹកផលិតផលកសិកម្ម ផ្លែឈើ ទៅកាន់ប្រទេសចិនបានលឿន បន្ទាប់អ្នកឧកញ៉ា លី យ៉ុងផាត់ កសាងកំពង់ផែទឹកជ្រៅរួចរាល់។ លោករដ្ឋមន្ត្រីបន្តថា, លោកអរគុណចំពោះក្រុមហ៊ុន ហ័រឡុង និងសហភាគី ក៏ដូចជាក្រុមហ៊ិនចិនដទៃទៀត បានមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា មានទំនុកចិត្ត ពិសេស កម្ពុជា មានសន្តិភាពពេញលេញ ៕

         

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print