ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធជាផ្លូវការមន្ទីរសម្រាកព្យាបាល និងសម្ភពចតុមុខ បានមានប្រសាសន៍ថា៖ «ជោគជ័យរបស់យើងជាគ្រូពេទ្យមិនមែនត្រឹមតែមើលអ្នកជំងឺជានោះទេ ជោគជ័យរបស់យើងគឺកុំឱ្យមានអ្នកជំងឺច្រើន»។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃចន្ទទី១៧ ខែមករា ឆ្នាំ២០២២។
លោក សាយ សំអាល់ បានលើកឡើងទៀតថា ក្នុងនាមយើងជាគ្រូពេទ្យត្រូវបើកចិត្តឱ្យទូលាយ និងមានចរិតសិក្សាស្រាវជ្រាវទើបកន្លែងព្យាបាលរបស់យើងមានប្រសិទ្ធភាព ដោយផ្អែកលើគុណតម្លៃស្នូល គឺ គុណភាព សេវាកម្ម ក្រមសីលធម៌ វិជ្ជាជីវៈ។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏កោតសរសើរដល់មន្ទីរសម្រាកព្យាបាល និងសម្ភពចតុមុខ ដែលទទួលបានការអនុញ្ញាតពីបេឡាសន្តិសុខសង្គម (បសស) លើកិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាលជូនសមាជិក សមាជិកា បេឡាសន្តិសុខសង្គម ដែលស្របទៅនឹងគោលនយោបាយគាំពារវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាល ហើយនេះជាចំណុចពិសេស។
មន្ទីរសម្រាកព្យាបាល និងសម្ភពចតុមុខ គឺជាមូលដ្ឋានសេវាសុខាភិបាលឯកជនមួយ ដែលបានជួយបំពេញ និងបម្រើសេវាសុខាភិបាល ជូនបងប្អូនកម្មករ និយោជិត មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ លើផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ក្នុងគោលបំណងផ្តល់ការពិនិត្យ ព្យាបាល និងថែទាំវេជ្ជសាស្ត្រប្រកបដោយគុណភាពប្រសិទ្ធភាព និងក្នុងគោលបំណងបង្ខិតសេវាឱ្យកាន់តែកៀកទៅនឹងប្រជាពលរដ្ឋមូលដ្ឋានផងដែរ។ លោក សាយ សំអាល់ ចាត់ទុកថា នេះគឺជាការចូលរួមសំដៅធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់យើងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ លោក សាយ សំអាល់ សង្ឃឹមថា មន្ទីរសម្រាកព្យាបាល និងសម្ភពចតុមុខ នឹងប្រែក្លាយទៅជាកន្លែងបណ្តុះបណ្តាលសម្រាប់វេជ្ជបណ្ឌិតវ័យក្មេងជាច្រើនទៀត។
គួរបញ្ជាក់ឱ្យដឹងថា ពិធីសម្ពោធជាផ្លូវការមន្ទីរសម្រាកព្យាបាល និងសម្ភពចតុមុខ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃ១៧ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោក គង់ សោភ័ណ្ឌ អភិបាលនៃអគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមាន ការចូលរួមពី លោក លោកស្រី ជាអភិបាលរងខេត្ត ស្នងការខេត្ត បុគ្គលិកនៃមន្ទីរព្យាបាល និងសម្ភពចតុមុខជាច្រើនរូបទៀត៕
ដោយ៖សហការី