មនុស្សម្នាក់ស្លាប់និង៥នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តពីរគ្រឿងបុកគ្នា

ចែករំលែក៖

ខេត្តក្រចេះ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង៥នាក់ផ្សេងទៀតរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ហើយត្រូវបានគេបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី១៧ ខែមករាឆ្នាំ២០២២លើកំណាត់ផ្លូវជាតិលេខ៧Aត្រង់ចំណុចជិតស្ពានកាំពីស្ថិតក្នុងឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា
ក្នុងពេលកើតហេតុគេឃើញរថយន្តដឹកមាន់ម៉ាកហ៊ីយ៉ាន់ដាយបើកបរក្នុងល្បឿនលឿនពីជើងទៅត្បូងគឺពីខេត្តស្ទឹងត្រែងទៅខេត្តក្រចេះ លុះមកដល់ចំណុចកើតហេតុផ្លូវកោងក៏បានរេចង្កូតជ្រុលទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សរបស់ក្រុមហ៊ុនហ្វ័រគ្រេបហ្វាម៉ា ពាក់ស្លាកលេខព្រះសីហនុ3A-5018បណ្ដាលឱ្យរងការខូចខាតខ្ទេចមួយកំណាត់មុខទាំងសងខាង ។
បន្ទាប់ពីកើតហេតុ នគរបាលចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋានស្រុកចិត្របុរីបានចុះទៅដល់កន្លែងកើតហេតុដើម្បីសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះនិងធ្វើការវាស់វែងផងដែរ ។
ប្រភពបន្តថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមានមនុស្សចំនួន៥នាក់រងរបួសធ្ងន់និងម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ប៉ុន្តែគេមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះទាំងអស់នោះនៅឡើយទេ។

វត្ថុតាងរថយន្តទាំង២គ្រឿងត្រូវសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចិត្របុរីដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕

...


ដោយ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print