អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានប្រកាស នៅក្នុងសុន្ទរកថាក្នុងរដ្ឋអារីហ្សូ៊ណា ស្តីពីគម្រោងដណ្តើមកៅអីនៅសេតវិមានក្នុងការបោះឆ្នោតឆ្នាំ២០២៤ ។ លោកត្រាំ មិនបានប្រកាសថា លោកនឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ២០២៤ទេ ប៉ុន្តែលោកត្រាំបានសន្យានៅក្នុងពេលចូលរួមឃោសនាបោះឆ្នោតពាក់កណ្តាលអាណត្តិនៅឆ្នាំ២០២២នេះថា នឹងដណ្តើមការគ្រប់គ្រងសេតវិមានវិញ។ នៅក្នុងសុន្ទរកថា លោកត្រាំ បានវាយប្រហារចំៗទៅលើប្រធានាធិបតីបៃឌិន ថាមិនមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការដឹកនាំអាមេរិក។ ជាមួយគ្នានេះ លោកត្រាំបានរិះគន់យ៉ាងខ្លាំងដល់សកម្មភាពទប់ស្កាត់កូវីដ-១៩ គោលនយោបាយសេដ្ឋកិច្ច កិច្ចការបរទេសនិងបទល្មើស។ សម្លឹងទៅមុខនាឆ្នាំ២០២៤ ក៏ដូចជាការបោះឆ្នោតតំណាងរាស្ត្រពាក់កណ្តាលអាណតិ្ត លោកត្រាំបានចាប់ផ្តើមនៅក្នុងរដ្ឋអារីហ្សូ៊ណា ដោយលោកប្រកាសថានឹងដណ្តើមសេតវិមានមកវិញ ហើយពេលនេះយើងនឹងដណ្តើមយកព្រឹទ្ធសភា រដ្ឋសភា។ ការជ្រើសរើសរដ្ឋអារីហ្សូ៊ណាសម្រាប់ឃោសនាបោះឆ្នោតតំណាងរាស្ត្រ ដោយសារតែទីនេះជា រដ្ឋយុទ្ធសាស្ត្រមួយដ៏សំខាន់ដើម្បីដណ្តើមយកកៅអីក្នុងសភានាឆ្នាំ២០២២នេះ ។ ក្នុងរដ្ឋនេះលោកបៃឌិនបានយកឈ្នះលោកត្រាំ យ៉ាងតិចបំផុតក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០៕ ដោយសាធី
រូបថត៖AP.