ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុស-ស្រី អាយុ០៦ឆ្នាំ០២នាក់បងប្អូនជីដូនមួយ បានលង់ទឹកស្រះស្លាប់នៅវេលាម៉ោង០២និង៣០នាទី រសៀលថ្ងៃទី១៧ខែមករា ឆ្នាំ២០២២ ចំណុចទឹកស្រះខាងក្រោយផ្ទះរបស់ឈ្មោះ ទេស វិត ភេទស្រីអាយុ៦១ឆ្នាំ ដែលក្មេងរស់នៅ ប្រហែល៣០ម៉ែត្រ ស្ថិតនៅភូមិជើងចាប ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ។
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោកបល្ល័ង្គបានឲ្យដឹងថា៖កុមាររងគ្រោះទាំង០២នាក់ម្នាក់ឈ្មោះ អ៊ីម ហុងអ៊ី ភេទប្រុស អាយុ០៦ឆ្នាំ មានឪពុកឈ្មោះខាន់ អ៊ីម អាយុ៣៦ឆ្នាំ និងម្តាយឈ្មោះ សេក ជីញ អាយុ៣២ឆ្នាំនិងម្នាក់ទៀតឈ្មោះឡម ស្រីនា ភេទស្រីអាយុ០៦ឆ្នាំមានឪពុកឈ្មោះ វ៉ាយ ធួន អាយុ៣២ឆ្នាំ និងម្តាយឈ្មោះសេក សារ៉េន អាយុ៣៦ ឆ្នាំ កុមាររងគ្រោះទាំង០២នាក់នៅភូមិជើងចាប ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ។
នគរបាលបានបញ្ជាក់ថា៖កុមាររងគ្រោះទាំង០២នាក់ ជាបងប្អូនជីដូនមួយនិងគ្នា ឪពុក ម្តាយពួកគេទាំង០២នាក់ ទៅធ្វើការនៅប្រទេសថៃ ដោយផ្ញើកូនៗ ទុកឲ្យឈ្មោះទេស វ៉ីត អាយុ៦១ឆ្នាំ ត្រូវជាយាយនៅភូមិជើងចាប ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ។
ប្រភពដដែលបានឲ្យដឹងទៀតថា៖នៅមុនពេលកើតហេតុ ឈ្មោះទេស វ៉ីត ត្រូវជាយាយ រវល់ទៅធ្វើបុណ្យនៅវត្តស្រះភ្លោះ ក្នុងឃុំចំណោម ស្រុកមង្គលបូរី ដោយទុកក្មេងរងគ្រោះទាំង០២នាក់ឲ្យបងៗមើល ប៉ុន្តែដល់ម៉ោងទៅរៀនបងៗទាំង០២នាក់ បានទៅរៀនបាត់ ហើយក្មេងទាំង០២នាក់ បានដើរលេងនៅនឹងផ្ទះ ពេលនោះមានក្មេងប្រុសឈ្មោះយ៉ាន់ តូតា ភេទប្រុស អាយុ០៦ឆ្នាំ រត់លេងជាមួយគ្នាបានរត់មកប្រាប់ឈ្មោះ ប៊ី មិ ភេទប្រុស អាយុ៥៤ឆ្នាំថា អាអ៊ីនិងមីនាលង់ទឹកស្លាប់ ហើយឈ្មោះប៊ី មិ បានរត់ទៅមើលតែក្មេងទាំង០២នាក់នោះបានលិចបាត់ទៅក្នុងទឹក ហើយពេលនោះគាត់ក៏បានហៅបងប្អូនជិតខាងចុះរាវរកក៏បានឃើញក្មេងទាំង០២នាក់ រួចបានបញ្ជូនទៅមន្ទីពេទ្យបង្អែកកម្ពុជាជប៉ុនស្រុកមង្គលបូរីតែជាអធកុសលក្មេងទាំង០២នាក់នោះបានស្លាប់បាត់ហើយ។
នគរបាលបានឲ្យដឹងទៀតថា៖ក្រោយពីទទួលបានព័ត៌មានបានបង្កើតគណៈកម្មាការពីនិត្យសពមានជំនាញកោសល្យវិច្ច័យស្រុក លោកមេប៉ុស្តិ៍ លោកគ្រូពេទ្យឃុំ លោកមេភូមិ និងក្រុមគ្រួសារសព បានឲ្យដឹងថាក្មេងទាំង០២នាក់ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ ពុំមានស្លាកស្នាមអ្វីជាអំពើទារុណកម្មនិង ឃាតកម្មឡើយ ។សពបានប្រល់ជូនក្រុមគ្រួសាររឪបចំធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ វណ្ណា