អភិបាល​ខេត្ត​សៀមរាប​​ ត្រូវ​ពង្រឹងអនុវត្តវិធានការគ្រប់គ្រងដោះស្រាយបញ្ហាដីព្រៃលិចទឹកនៅក្នុងតំបន់៣បឹងទន្លេសាប ការបង្ក្រាបគ្រឿងញៀន និងក្តីកង្វល់អំពីបញ្ហាកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​សៀមរាប​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១៨​ ខែមករា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ អាជ្ញាធរខេត្តសៀមរាប គ្រោងចាប់យកការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប បង្ហាញមោទកភាពលើសមិទ្ធផលថ្មី( ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ) ដើម្បីទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងជាតិ និងអន្តរជាតិ ទន្ទឹមនឹងមានការត្រៀមខ្លួនរួចជាស្រេច ឆ្លងកាត់វិញ្ញាសារសាកល្បង ដកខ្លួនចេញពីវិបត្តិកូវីដ-១៩ នាថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម ខាងមុខនេះ។

ក្នុងកិច្ចប្រជុំនេះ បានធ្វេីឡេីងនៅសាលប្រជុំសាលាខេត្ត​ កាលពីថ្ងៃទី១៧ ខែមករាម្សិលមិញនេះ​​ ក្រោមការដឹកនាំរបស់លោក ទៀ សីហា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយលើកនូវបញ្ហាសំខាន់ៗមួយចំនួនត្រូវបានយកមកពិភាក្សាដោះស្រាយ ដូចជាការងារពង្រឹងអនុវត្តវិធានការគ្រប់គ្រងដោះស្រាយបញ្ហាដីព្រៃលិចទឹកនៅក្នុងតំបន់៣បឹងទន្លេសាប ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន និងក្តីកង្វល់អំពីបញ្ហាកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍ជាដើម ក៏ប៉ុន្តែអ្វីដែលកិច្ចប្រជុំបានលើកយកមកពីគ្រោះយោបល់លម្អិតជាងនោះ គឺការងារសន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់សមិទ្ធផលថ្មី ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខែ្ស ក្នុងក្រុងសៀមរាប ដែលជាចំណងដៃដ៏ថ្លៃថ្លា សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល ដើម្បីការអភិវឌ្ឍន៍ក្រុងប្រវត្តិសាស្ត្រមួយនេះ ។

ក្នុងកិច្ចប្រជុំនោះលោក ទៀ សីហា បានបង្ហើបឱ្យដឹងនៅផងដែរថា ជាមួយនឹងការបើកទំព័រថ្មី នៃសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ វិញ្ញាសារសាកល្បងធំៗ ដើម្បីពិសោធន៍លើកម្លាំងរើបម្រះចេញពីវិបត្តិកូវីដ-១៩នោះ គឺពិធីឆ្លងឆ្នាំសកលបានកន្លងផុត និង កំពុងត្រៀមការសាកល្បងបុណ្យចូលឆ្នាំចិន-វៀតណាមនាពេលខាងមុខនេះ ។ លោកអភិបាល​ខេត្ត​ សង្ឃឹមថា យ៉ាងណាក៏ដោយ នៅក្នុងអំឡុងខែកុម្ភៈ ឬខែមីនា ឆ្នាំ២០២២ខាងមុខនេះ ខេត្តសៀមរាបនឹងអាចឆ្លងកាត់ពីធីកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហេដ្ឋារចនានាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់នៃសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដូច្នោះហើយគោលដៅខាងមុខ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ នឹងត្រូវបានរៀបចំឲ្យមានជាព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និង ទេសចរអន្តរជាតិផងដែរ។

ដោយ​ឡែក​ជុំវិញបញ្ហាផ្លូវ៣៨ខ្សែនេះ គឺជាការងារអាទិភាពមួយដ៏ខាន់ ដែលត្រូវចាប់ផ្តើមចេញពីការជួបជុំនៃអ្នកជំនាញពាក់ព័ន្ធទាំងអស់ រួមទាំងអាជ្ញាធរក្រុងផងដែរ លើការរៀបចំសណ្តាប់ធ្នាប់ ចរាចរណ៍ ការប្រើប្រាស់ចំណីផ្លូវ ការរៀបចំកន្លែងលក់ដូររបស់ប្រជាពលរដ្ឋជាដើម។ បរិស្ថាន អនាម័យស្អាត និងសេចក្តីថ្លៃថ្នូរ គឺត្រូវទាមទារឲ្យមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងនោះជនគំរូបំផុត គឺបងប្អូនប្រជាពលរដ្ឋ ទាំងការចូលរួមផ្សព្វផ្សាយ និងទាំងការចូលរួមអនុវត្ត ។

លោកអភិបាលខេត្តសៀមរាប មានប្រសាសន៍បន្ថែមថា៖ អ្វីដែលចង់ឃើញសម្រាប់ថ្ងៃអនាគត គឺការរីកចម្រើនទៅមុខជានិច្ច។ កិច្ចប្រជុំក៏បានវាយតម្លៃផងដែរថា សំខាន់នៅក្នុងកាលៈទេសៈនេះ បើទោះជាផ្តោតទៅលើបញ្ហាអ្វីក៏ដោយ តែមិនអាចបំភ្លចបានទេ គន្លឹះរក្សានិរន្តរភាពនៃការបើកប្រទេសឡើងវិញ នោះគឺការបន្តដាក់ចេញ នូវការជម្រុញចលនាចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ-១៩ បើទោះជាមានការកត់សម្គាល់ឃើញថា បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន យល់ច្បាស់អំពីគុណតម្លៃរបស់វ៉ាកសាំង និងដឹងច្បាស់កំពុងអនុវត្ត វិធានសុវត្តិភាព ៣ការពារ ៣កុំ គឺស្មើនឹងការរក្សាជីវិតរបស់ខ្លួន ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print