ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃអង្គារទី១៨ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា បន្ទាប់ពីកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ខាននគរបាលខណ្ឌឬស្សីកែវ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២រសៀល បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ ជាបន្តបន្ទាប់ ក្រោយពាក់ព័ន្ធករណីជិះម៉ូតូឆក់កាបូបលុយ ប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ នៅចំណុចខាងលិចក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្លូវលេខ៦១ ភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមច្បាប់។
ប្រភពដដែលបន្តថា ជនសង្ស័យទាំង៣នាក់នេះរួមមាន៖ ទី១- ឈ្មោះ ផល ស៊ែមប៉ាទ្រីក ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅផ្ទះជួល ផ្លូវ៨០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នុំពេញ។ ទី២- ឈ្មោះ សេង វិច្ឆ័យ ភេទ ប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ផ្លូវ ៨០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។ និងទី៣- ឈ្មោះសុទ្ធ ជីវ័ន្ដ ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះជួល ផ្លូវ៨០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធី៕
ដោយ៖សហការី