ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul បានឱ្យដឹងថា លោកនឹងស្នើគម្រោងទៅដល់រដ្ឋាភិបាលស្តីពីការលើកលែងការធ្វើចត្តាឡីស័កដល់អ្នកទេសចរបរទេស។ កម្មវិធីនោះមានឈ្មោះថា(Test&Go) ដើម្បីទាក់ទាញអ្នកទេសចរឱ្យកាន់តែច្រើនមកកម្សាន្តនៅប្រទេសថៃ ជាការរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន។ លោក Anutin Charnvirakul បានបញ្ជាក់ថា កម្មវិធីទេសចរណ៍ខាងលើគឺដើម្បីទាក់ទាញអ្នកទេសចរបរទេសមកកម្សាន្តនៅប្រទេសថៃកាន់តែច្រើន ។ កន្លងមកថៃបានរឹតត្បិតជាថ្មីដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង បានធ្វើឱ្យវិស័យទេសចរណ៍ធ្លាក់ចុះវិញ។ បច្ចុប្បន្ន វីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង បានជំនួសកូវីដ-១៩ដែលតា ដោយការឆ្លងនៅក្នុងប្រទេសថៃ ភាគច្រើនជាអូមីក្រុង។ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២នេះ បានប្រកាសថា បានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦,៣៩៧ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន១៨នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈដែលអ្នកជំងឺចំនួន៦,៦៣៧នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន២,៣៣១,៤១៤ករណី ក្នុងនោះមានអ្នកស្លាប់ ២១,៩៤១នាក់ និងអ្នកជាសះស្បើយឡើងវិញគឺជាង ២.២២លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃត្រូវបានគេប៉ាន់ប្រមាណថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១១០.៦១លានដូស ក្នុងនោះប្រជាជន ៤៨.៣៨លាននាក់ (៦៩.១៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ដោយសាធី
រូបថត៖Reuters.