ភ្នំពេញ៖ យ៉ាងហោចណាស់មានតារាស្រីល្បីឈ្មោះ៥រូបគឺមានអ្នកនាង សុខ សោម៉ាវត្តី កញ្ញាគៀត សុវណ្ណាឡាង កញ្ញា ទឹម រដ្ឋា កញ្ញា នីមុនីនាថ និងកញ្ញា មាន សូនីតា នឹងត្រូវជួបគ្នាក្នុងការសម្តែងខ្សែភាពយន្តខ្នាតធំរឿង “បណ្តឹងស្រីទាំង៥” ដែលជាខ្សែភាពយន្តស៊ើបអង្កេតខ្នាតធំរបស់ផលិតមហាហង្ស សហការជាមួយនិងផលិតកម្ម ផ្កាប្រាំភាពយន្ត។ ការបញ្ជាក់ពីសមាសភាពតារាស្រីល្បីឈ្មោះទាំងនេះគឺគ្រាដែលផលិតកម្មទាំងពីរបានរៀបចំពិធីក្រុងពាលីបើកដំណើរការផលិតខ្សែភាពយន្ត នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ នៅតំបន់ព្រែកឯង។
អ្នកនិពន្ធនិងដឹកនាំរឿងល្បីឈ្មោះអ្នកស្រីពាន់ភួងបុប្ផា បានបញ្ជាក់ថា កិច្ចសហការផលិតនេះបានធ្វើឡើងក្រោយពីការពិភាក្សាជាច្រើនមុនពេលចាប់ផ្តើមដំណើរការផលិតដើម្បីឲ្យប្រាកដថា នេះគឺជាខ្សែភាពយន្តល្អប្រចាំឆ្នាំ២០១៦។ អ្នកស្រីបន្តថា ខ្សែភាពយន្តនឹងធ្វើឲ្យទស្សនិកជនមានទស្សនីយភាពមួយប្លែកខុសពីខ្សែភាពយន្តមុនៗទាំងសាចរឿង និងការសម្តែងដែលប្រកបដោយគុណភាពប្រកួតប្រជែង។ អ្នកស្រីបញ្ជាក់ថា តារាប្រុសស្រីល្បីឈ្មោះដែលចូលរួមសម្តែងខ្សែភាពយន្តនេះពិតជាសម្រិតសម្រាំង និងចង់ឲ្យទីផ្សារផលិតភាពយន្តខ្មែរមិនមានតែជាខ្សែភាពយន្តខ្មោច និងកំប្លែងតែមួយមុខនោះទេ។ ទោះបីជាការផលិតខ្សែភាពយន្តនេះបែបស៊ើបអង្កេតដែលជារឿងប្លែកសម្រាប់អ្នកទស្សនាប៉ុន្តែសាច់រឿង និងពិសេសមិនឲ្យមហាជនអស់ទំនុកចិត្តដូចដែលទស្សនិកជនធ្លាប់ទុកចិត្តស្នាដៃដែលស្ថតិក្រោមការផលិតរបស់អ្នកស្រីកន្លងមក។ អ្នកស្រីបញ្ជាក់ថា ខ្សែភាពយន្តនេះនឹងចាក់បញ្ចាំងនៅរោងភាពយន្តទាំងអស់នៅភ្នំពេញនិងបណ្តាខេត្តក្រោយការផលិតសម្រិតសម្រាំងអស់រយៈពេលជាច្រើនខែ។ អ្នកស្រីរំពឹងថា ខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនហើយក៏ឆ្លើយតបការសំណូមពររបស់ទស្សនិកជនដែលទន្ទឹងរងចាំស្នាដៃផលិតខ្សែភាពយន្តរបស់អ្នកស្រី។
កញ្ញាមាន សូនីតា ដែលជាតារាស្រីល្បីឈ្មោះម្នាក់ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយក្នុងការចូលរួមសម្តែងខ្សែភាពយន្តខ្នាតធំជាថ្មីដែលដឹកនាំដោយផលិតកស្រីល្បីឈ្មោះអ្នកស្រីពាន់ភួង បុប្ផា។ កញ្ញាបន្តថា ខ្សែភាពយន្តនេះពិតជានាំមកនូវភាពទាក់ទាញប្លែង និងអាចក្លាយជាខ្សែភាពយន្តល្អប្រចាំឆ្នាំ២០១៦នេះ។ តារាស្រីដែលធ្លាប់មានឈ្មោះល្បីដោយផលិតករខាងលើបានបញ្ជាក់ដែរថា នាងនឹងត្រូវសម្តែងជាតួអង្គស្រីដែលទទួលរងនូវការធ្វើទារុណកម្មធ្ងន់ធ្ងរដែលបង្កើតឡើងមនុស្សប្រុសមានលុយមានអំណាចម្នាក់។
កញ្ញា គៀត សុវណ្ណឡាងបានបង្ហាញពីភាពភ្ញាក់ផ្អើលគ្រាដែលនាងទទួលបានឱកាសប្រឡូកជាមួយនឹងតារាប្រុសស្រីល្បីឈ្មោះជាច្រើនរូប។ នាងថា វានឹងក្លាយជាឱកាសទទួលបានការគាំទ្រកាន់តែច្រើនពីទស្សនិកជន បើទោះបីជាមានតារាស្រីដែលស្ថិតក្រោមដំណែងតួឯកជាច្រើននាក់។ នាងរំពឹងទុកថា ខ្សែភាពយន្តនេះពិតជាសម្រិតសម្រាំងការផលិត ហើយតារាសម្តែងគ្រប់រូបសុទ្ធតែប្តេជ្ញាចិត្តក្នុងការជួយរុញច្រានឲ្យខ្សែភាពយន្តនេះទទួលបានការគាំទ្រច្រើនពីទស្សនិកជន៕
ដោយ៖ វឌ្ឍនា