ភ្នំពេញ៖ ជនសង្ស័យ៣នាក់ក្នុងចំណោម៤ នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីសហការជាមួយអាវុធហត្ថខណ្ឌសែនសុខធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពវាយនិស្សិតម្នាក់បណ្តាលឲ្យស្លាប់ប្លន់យកកាបូបលុយហើយរត់គេចខ្លួនបាន៥ថ្ងៃ។
លោកអនុសេនីយ៍ឯក សុខ ឧត្តម មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌសែនសុខ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានមានប្រសាសន៍ថា ករណីនិស្សិតម្នាក់ត្រូគេលបវាយចំក្បាលប្លន់យកកាបូបលុយកាលពីថ្ងៃ១៣ក្នុងបុណ្យចូលឆ្នាំថ្មីនេះ ឥឡូវត្រូវបានសមត្ថកិច្ចកងរាជអាវុធសហការគ្នាតាមស្រាវជ្រាវចាប់ខ្លួនជនដៃដល់បានជាបន្តបន្ទាប់ចំនួន៣នាក់ហេីយ នៅថ្ងៃទី១៨និងថ្ងៃទី១៩ខែមេសាឆ្នាំ២០១៦នេះ បន្ទាប់ពីឆែកកាមេរ៉ាសុវត្ថិភាពឃេីញភិនភាគជនសង្ស័យរួចមក។ លោកបន្តទៀតថា ធ្វើការសួរនាំជនសង្ស័យទាំង៣នាក់រួចមកសមត្ថកិច្ចចោទពីបទករណីឃាតកម្មគិតទុកជាមុន ។
លោកបញ្ជាក់ថា កាលពីថ្ងៃទី១៣ខែមេសាឆ្នាំ២០១៦ វេលាម៉ោងប្រមាណ៨យប់នៅចំណុចក្នុងឃ្លាំង ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ លុះមកដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ កម្លាំងជំនាញអាវុធហត្ថរាជធានីនិងខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវដឹងថា ជនសង្ស័យនិងបក្ខពួកបានរត់ទៅខេត្តកណ្តាល ភ្លាមៗនោះអាវុធហត្ថរាជធានីនិងខណ្ឌសែនសុខ បានទាក់ទងសហការណ៍ជាមួយ អ/ហ ផ/ទ និង អ/ហខេត្តកណ្ដាល ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពង់ វុទ្ធីហៅ បាប៊ូ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិខាងលើមុខរបរដើរទិញអេតចាយ កាលពីវេលាម៉ោង៨និង៥នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ នៅចំណុច មិព្រៃរកា ឃុំឆកឈើនាង ស្រុងអង្គស្នួល ខេត្តកណ្ដាល (ជាចារីដៃដល់)។ ហើយជននេះ
(កន្លងមកខ្លួនធ្លាប់បានធ្វើសកម្មភាពលួចចំនួន៣លើក ,ទី១ករណី ប៉ុនប៉ងឆក់១លើក នៅចំណុចចោមចៅ មិនបានសម្រេច ,ទី២ករណី លួចអាគុយ នៅចំណុចផ្លូវ៥៩៨ ,ទី៣ករណី លួចម៉ូតូ នៅចំណុចភ្នំពេញថ្មី )។
ក្រោយពីធ្វើការសាកសួរជនស្ស័យឈ្មោះពង់ វុធ្ធី ហៅបាប៊ូ បានឆ្លើយប្រាប់ថា នៅមានបក្ខពួកចំនួន២នាក់ទៀតកំពុងស្នាក់នៅខេត្តតាកែវ ខណៈនោះកម្លាំងអាវុធហត្ថរាជធានី និងអាវុធហត្ថខណ្ឌសែនសុខ បានទាក់ទងសហការណ៍បន្តទៀតជាមួយនឹង អាវុធហត្ថខេត្តតាកែវ រួចស្រាវជ្រាវតាមចាប់ ២នាក់ទៀតបាននៅចំណុច ភូមិអន្លុងទៀន ឃុំបុរីជលសារ ស្រុកបុរីជលសារ ខេត្តតាកែវគឺចាប់បាន នៅវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី១៩ខែមេសាឆ្នាំ២០១៦ ។ ដែលទី១ឈ្មោះ យាំ ភឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរដើរទិញអេតចាយ (ជាសហចារី កន្លងមកខ្លួនធ្លាប់ជាប់ពន្ធនាគារ១ដង ពីបទហិង្សាដោយចេតនា ក្នុងឆ្នាំ២០០៨ រយៈពេល ៣ខែ នៅខេត្តតាកែវ ) និងទី២ ឈ្មោះ ជីន ភក្ដី ហៅត្រេន អាយុ១៨ឆ្នាំ មុខរបរដើរទិញអេតចាយ (ជាអ្នកសមគំនិត)។ ក្រោយពីបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នោះរួចមកអាវុធហត្ថខេត្តកណ្ដាល និងខេត្តតាកែវ បានប្រគល់ឲ្យអាវុធហត្ថរាជធានីតែម្តង ដើម្បីអនុវត្តការងារបន្ត។
ក្រោយពីបញ្ជូនខ្លួនជនសង្ស័យទាំង៣នាក់មកដល់ ទីបញ្ជាការកងរាជអាវុធរាជធានី កម្លាំងជំនាញបានធ្វើការសាកសួរ ជនសង្ស័យទាំង៣នាក់នោះបានឲ្យដឹងថានៅសល់បក្ខពួកម្នាក់ទៀត (ជាអ្នកផ្តើមគំនិត) និងរត់គេចខ្លួន ។
សូមរំលឹកថា កាលពីវេលាម៉ោង៨យប់នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ មាននិស្សិតម្នាក់ឈ្មោះ ឆាយ ហាក់ អាយុ២០ឆ្នាំ មានទីលំនៅភូមិទំនប់ ជាប់ផ្លូលេខ៥៩៨ សង្កាតភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានគេវាយសម្លាប់ដោយវត្ថុរឹងត្រូវចំក្បាល រួចជនដៃដល់បានប្លន់យកកាបូបលុយពីក្នុងហោប៉ៅរបស់ជនរងគ្រោះរួចក៏នាំគ្នាគេចខ្លួនបាត់អស់តែម្តង ។
បច្ចុប្បន្នសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីកំពុងធ្វើការស្រាវជ្រាវតាមរកចាប់ខ្លួនបក្ខពួកម្នាក់ទៀតបន្ត៕
ដោយ៖ តុង សីហា
...