ស្រ្តីម្នាក់បានស្លាប់ក្រោយពីចោរឆក់យកកាបូបបណ្ដាលឱ្យរងរបួសធ្ងន់កាលពី៤ថ្ងៃមុននៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈក្រោយពីត្រូវចោរ១ក្រុមធ្វើសកម្មភាពឆក់យកកាបូបខណៈដែលគាត់កំពុងជិះម៉ូតូតាមផ្លូវទៅរកទិញអីវ៉ាន់នៅផ្សារអូរឫស្សីដើម្បីយកមកលក់នៅផ្ទះ បណ្តាលឱ្យដួលម៉ូតូបោកក្បាលទៅនឹងថ្នល់ផុងលលាដ៏រងរបួសយ៉ាងធ្ងន់ធ្ងរកាលពី៤ថ្ងៃមុនកន្លងទៅនេះ។

ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ពុំ រ៉ាវិន ភេទស្រី អាយុ៣៨ឆ្នាំ បច្ចុប្បុន្នស្នាក់នៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយរហូតមកដល់វេលាព្រឹកថ្ងៃទី១៩ ខែមករានេះគាត់ក៏បានស្លាប់។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថាមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1GM-1636 ធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ខណៈជិះម៉ូតូមកដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យមួយក្រុមបានជិះម៉ូតូដេញតាមរួចក៏បានធ្វើសកម្មភាពឆក់យកកាបូបនិងសម្ភារមួយចំនួននៅជាប់នឹងខ្លួនជនរងគ្រោះបណ្ដាលឱ្យដួលម៉ូតូបោកទៅនឹងថ្នល់ផុងលលាដ៏ក្បាលរងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យព្រះកុសុមៈ(ហៅមន្ទីរពេទ្យព្រះសង្ឃ) ។

បើតាមក្រុមគ្រួសារជនរងគ្រោះបាននិយាយថា ពួកគាត់បានទទួលដំណឹងពេលដែលជនរងគ្រោះត្រូវចោរឆក់យកកាបូបបណ្ដាលឱ្យដួលរងរបួសធ្ងន់នេះពីសំណាក់អ្នកបោសសម្អាតផ្លូវដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក។បន្ទាប់មកពួកគាត់ក៏បាននាំគ្នាធ្វើដំណើរទៅកាន់កន្លែងកើតហេតុរួចបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្រ្គោះបន្ទាន់។ ពេលនោះក្រុមគ្រូពេទ្យបានស្គែនក្បាលមើលឃើញបែកផុងលលាដ៏ ហើយជនរងគ្រោះបានសន្លប់អត់ដឹងខ្លួនចាប់តាំងពីពេលកើតហេតុរហូតដល់ថ្ងៃស្លាប់នេះ។
ប្រភពដដែលបានបន្តទៀតថា ប្អូនគាត់រងគ្រោះដោយសារតែចោរឆក់កាបូបយកលុយអស់ជាង១ពាន់ដុល្លារ បែរជាមានអ្នកនិយាយបំភ្លៃការណ៍ពិតថា ប្អូនគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបុកហើយបានដោះស្រាយសំណង២ពាន់ដុល្លារបញ្ចប់រឿងទៅវិញ។ ប៉ុន្តែពួកគាត់ពុំបានទទួលសំណងអីនោះទេព្រោះការស្លាប់នេះដោយសារតែចោរឆក់យកកាបូបបណ្ដាលឱ្យដួលពុំមែនជាគ្រោះថ្នាក់ចរាចរណ៍ឡើយ។ទន្ទឹមនឹងនេះពួកគាត់ក៏បានលើកដៃសំពះសុំឱ្យនគរបាលខណ្ឌពោធិ៍សែនជ័យជួយស្រាវជ្រាវចាប់ខ្លួនក្រុមចោរឆក់ទាំងនោះយកមកផ្ដន្ទាទោសផង។
បើតាមការបញ្ជាក់និងលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងបានឱ្យដឹងថាចាប់តាំងពីដូរលោកវរសេនីយ៍ឯក ម៉ន វុធីអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ មកទឹកដីខណ្ឌពោធិ៍សែនជ័យ គឺមានតែរឿងមិនចេះចប់ដូចជា ករណីឆក់ប្លន់ប្រដាប់អាវុធជាដើម មិនដែលឃើញកម្លាំងសមត្ថកិច្ចចុះបង្ក្រាបឱ្យបានទាន់ហេតុការណ៍ដែលបានកើតឡើងនោះម្ដងណាឡើយ។ ហេតុដូច្នេះហើយប្រជាពលរដ្ឋសូមមិនបញ្ចេញឈ្មោះបានសំណូមពរសូមឱ្យថ្នាក់ដឹកនាំមេត្តាជួយពង្រឹងនិងទប់ស្កាត់ទង្វើដែលកើតមានរបស់ភូមិឃុំមានសុវត្ថិភាពដើម្បីកុំឱ្យមានចោរកម្មកើតឡើងនៅក្នុងភូមិសាស្ត្រទឹកដី ខណ្ឌពោធិ៍សែនជ័យនេះបន្តទៀតដើម្បីសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋផងដែរ៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print