ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងជំនាញផ្នែកសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ បានចុះរៀបចំសណ្តាប់ធ្នាប់នៅមុខមន្ទីរពេទ្យរុស្សី និងផ្សព្វផ្សាយណែនាំដល់បងប្អូនអាជីវករ ឱ្យទ្បើងលក់ផុតពីទ្រូងថ្នល់បណ្តោះអាសន្ន ១ភាគ៣ នៃចិញ្ចើមថ្នល់ ដើម្បីទុកចិញ្ចើមថ្នល់សម្រាប់ថ្មើរជើងធ្វើចរាចរណ៍ទៅមកបានស្រួល។
ជាមួយគ្នានេះ កម្លាំងជំនាញ បានធ្វើការផាកពិន័យរថយន្តក្រុងឈប់ចតកកស្ទះចរាចរណ៍ នៅផ្លូវសម្តេចព្រះមុន្នីរ៉េត គល់ស្ពានអាកាសស្ទឹងមានជ័យផងដែរ។
សូមជម្រាបថា ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមករាម្សិលមិញនេះ បន្ទាប់ពីបានឃើញសារព័ត៌មាន ចុះផ្សាយថានៅចិញ្ចេីមផ្លូវជាប់របងមន្ទីរពេទ្យកុមារជាតិទាំងបីជ្រុង បានក្លាយជាចំណតម៉ូតូរថយន្ត របស់ក្រុមហ៊ុនធានារ៉ាប់រងឯកជន និងក្លាយជាតូបលក់ដូរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានឲ្យកម្លាំងនៃអធិការដ្ធាននគរបាលខណ្ឌទួលគោក ដើម្បីចុះត្រួតពិនិត្យជាក់ស្តែង និងរៀបចំសណ្តាប់ធ្នាប់តាមផ្លូវលេខ១១០ ផ្លូវលេច២៥៧ ជុំវិញរបងមន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
ជាលទ្ធផលក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ម៉ូតូ ដែលចតល្មើសបង្កឲ្យការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់ យកមករក្សាទុកនៅអធិកាដ្ឋាននគរបាលខណ្ឌទួលគោក ជាបណ្តោះអាសន្ន ដើម្បីធ្វេីការអប់រំ និងផាក់ពិន័យទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក និង អប់រំម្ចាស់ទីតាំងលក់ដូរលើចិញ្ចើមផ្លូវលេខ២៥៧ បានចំនួន៨ទីតាំង ដោយបញ្ឈប់ការលក់ដូរលើទ្រូងផ្លូវដែលនាំឲ្យបាត់បង់សណ្តាប់ធ្នាប់ និងកកស្ទះចរាចរណ៍៕
ដោយ៖ស តារា