ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ និងដេប៉ូប្រេងឥន្ធនៈដើម្បីទប់ស្កាត់អំពើមិនសុចរិតណាមួយក្នុងវិស័យប្រេងឥន្ធនៈតាមរយៈការកេងប្រវ័ញ និងបន្លំណាមួយពីអតិថិជន ឬអ្នកប្រើប្រាស់ទូទៅ។
ប្រភពដដែលបន្តថា យោងទៅតាមលទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញបានរកឃើញដេប៉ូចំនួន ៥ទីតាំងមិនមានអនុលោមភាពក្នុងចំណោម ៨ស្ថានីយ និងដេប៉ូដែលបានត្រួតពិនិត្យ និងធ្វើការពិន័យទៅតាមនីតិវិធីផងដែរ។
ដោយឡែកក្នុងថ្ងៃដដែលនោះផងដែរ មន្រ្តី ក.ប.ប. សាខាខេត្តកណ្ដាល បានសហការជាមួយក្រឡាបញ្ជីខេត្ត និងអាជ្ញាធរខេត្តចុះកាត់សៀលជូនដេប៉ូប្រេងចំនួន ២ទីតាំង និងអនុញ្ញាតឱ្យបើកអាជីវកម្មឡើងវិញបន្ទាប់ពីបានធ្វើការកែតម្រូវទៅតាមបទប្បញ្ញត្តិបច្ចេកទេសដែលមានចែង៕
ដោយ៖ស តារា