អាជ្ញាកណ្តាលរបស់ប្រទេសរវ៉ាន់ដា (Rwandan) លោក Salima Mukansanga កាលពីថ្ងៃអង្គារបានក្លាយជាស្ត្រីដំបូងគេដែលដឹកនាំការប្រកួតពានរង្វាន់ Africa Cup of Nations នៅពេលដែលគាត់ទទួលបន្ទុកការប្រកួតរវាងក្រុមហ្ស៊ីមបាវ៉េ និងហ្គីណេក្នុងប្រទេសកាម៉ារូន។
លោកស្រី Mukansanga បានដើរចេញពីទីលានដោយកាន់បាល់ការប្រកួត អមដោយមន្ត្រីការប្រកួតបុរស៣នាក់ជាមួយប្រទេសហ្ស៊ីមបាវ៉េ បន្តឈ្នះការប្រកួត ២-១។
បន្ទាប់ពីការប្រកួតអ្នកគាំទ្រមកពីប្រទេសហ្ស៊ីមបាវ៉េបាននិយាយថា ពួកគេត្រូវបានបំផុសគំនិតដោយលោកស្រី Mukansanga ហើយជឿជាក់ថា នេះគឺជាជំហានឆ្ពោះទៅមុខដ៏ល្អសម្រាប់ទ្វីបអាហ្វ្រិក។
អ្នកគាំទ្រហ្ស៊ីមបាវ៉េម្នាក់ឈ្មោះ Felicia Chisepo បាននិយាយថា “ស្ត្រីត្រូវបានតំណាង ហើយក៏ត្រូវបានចូលរួមនៅក្នុងកីឡានេះផងដែរ ដែលអស់រយៈពេលជាយូរមកហើយត្រូវបានគេចាត់ទុកថាជាបុរស” ។
នៅប្រទេសរវ៉ាន់ដា កីឡាករនារីវ័យក្មេងនៃក្លិបបាល់ទាត់ AS Kigali និងគ្រូបង្វឹករបស់ពួកគេ Egidie Kayitesi បានមើលការប្រកួតនេះនៅលើកញ្ចក់ទូរទស្សន៍។
Kayitesi ដែលទទួលបន្ទុកក្រុមរបស់ Mukansanga កាលពីនាងនៅជាកីឡាករវ័យក្មេងបាននិយាយថា “នាងគឺជាមនុស្សម្នាក់ដែលផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះការប្រកួតនីមួយៗ នោះហើយជាមូលហេតុដែលអ្នកឃើញនាងក្លាយជាអាជ្ញាស្ត្រីនៅពេលនេះ។ នាងមានចរិតពិសេស ពេលនាងមានការប្រកួត នាងនឹងរៀបចំខ្លួនយ៉ាងល្អ” ។
គួរបញ្ជាក់ថា ការប្រកួតកាលពីយប់ថ្ងៃទី១៨ ខែមករា សម្រាប់ព្រឹត្តិការណ៍ពានរង្វាន់ Africa Cup of Nations គឺក្រុមហ្ស៊ីមបាវ៉េបានយកឈ្នះក្រុមហ្គីណេ ២ទល់១, ក្រុមម៉ាឡាវីស្មើជាមួយសេណេហ្គាល់០ទល់០, ហ្គាបុងស្មើជាមួយម៉ូរ៉ូកូ២ទល់២ និងក្រុម កូម៉ូរ៉ូសយកឈ្នះក្រុមហ្គាណា៣ទល់២។ សម្រាប់ការប្រកួតនៅរាត្រីថ្ងៃទី១៩នេះមាន២គូ ដែលត្រូវប្រកួតនៅម៉ោង២រំលងអធ្រាត្រគឺក្រុម ហ្គីណេ-ប៊ីសា ប៉ះក្រុមនីហ្សេរីយ៉ា និងអេហ្ស៊ីបប៉ះស៊ូដង់ ៕ (រូបភាព ៖ CNA)