ខេត្តស្វាយរៀ៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងម្ចាស់ផ្ទះខណ:ដែលពួកគេប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅរោងមុខផ្ទះរបស់ខ្លួន ហើយក៏ប្រញាប់ប្រញាល់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យសព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ ថ្ងៃទី១៨ខែមករាឆ្នាំ២០២២ ស្ថិតនៅភូមិសណ្តោរ ឃុំជ្រៃធំ ស្រុករមាសហែក។
យោងតាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះឃឹម ក្រែម អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិចុងព្រៃ ឃុំជ្រៃធំ ស្រុករមាសហែក។
បើតាមម្ចាស់ផ្ទះឈ្មោះសៅ សាវ៉េតអាយុ៤២ឆ្នាំ មុខរបរកសិករ រស់នៅភូមិ
សណ្តោរ ឃុំជ្រៃធំ ស្រុករមាសហែកបានឱ្យដឹងថា មុនថ្ងៃកើតហេតុគាត់និងក្រុមគ្រួសារបានជាប់រវល់ទៅលេងបុណ្យនៅវត្តដក់ពរ ខាងជើងផ្ទះរបស់គាត់។
ប្រភពបន្តថា លុះព្រឹកថ្ងៃកើតហេតុគាត់បានវិលត្រឡប់មកផ្ទះវិញស្រាប់តែប្រទះឃើញបុរសខាងលើនេះដេកស្លាប់នៅលើគ្រែរោងមុខផ្ទះរបស់គាត់ទើបបង្កការភ្ញាក់ផ្អើលតែម្ដង។
តាមការបំភ្លឺពីក្រុមគ្រួសារបុរសរងគ្រោះបានឱ្យដឹងថា រាល់ថ្ងៃជនរងគ្រោះតែងតែផឹកស្រាស្រវឹងខួប និងដើរបាត់ពីផ្ទះរហូតជូនដេកតាមផ្លូវ ជួនកាលដេកតាមរោងផ្ទះគេជាប្រចាំ។
តាមការស្រាវជ្រាវ និងពិនិត្យសាកសព របស់សមត្ថកិច្ចនិងគ្រូពេទ្យបានសន្និដ្ឋានថា ជនរងគ្រោះអាចស្លាប់ដោយសារខ្យល់គរ ព្រោះផឹកស្រាជាប្រចាំ។ ក្រោយពីធ្វើការពិនិត្យរួចសមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ យឹម សុថាន