ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ានដឹកនាំដោយលោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន។
នៅក្នុងជំនួបដែលធ្វើឡើងនៅឯសណ្ឋាគារសុខាខេត្តព្រះសីហនុ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់អំពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ជាពិសេសយុទ្ធនាការនៃការចាក់វ៉ាក់សាំង។ អ្វីដែលកម្ពុជាក៏ដូចជាសមាជិកអាស៊ានដទៃទៀតបាន និងកំពុងធ្វើកន្លងទៅនេះបានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដើម្បីធ្វើយ៉ាងណាស្ដារវិស័យទេសចរណ៍នៅក្នុងតំបន់អាស៊ាន។ សម្ដេចតេជោបានមានប្រសាសន៍ទៀតថារហូតមកដល់ពេលនេះ ការប្រើប្រាស់វ៉ាក់សាំងពិតជាមានឥទ្ធិពល និងមានប្រសិទ្ធភាព ដែលកន្លងមកនេះបញ្ហានៃជំងឺកូវីដ-១៩បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍របស់ប្រទេសកម្ពុជាក៏ដូចជាទេសចរណ៍ក្នុងតំបន់អាស៊ានផងដែរ។ ជាក់ស្ដែងមុនពេលមានជំងឺកូវីដ-១៩ កម្ពុជាទទួលភ្ញៀវទេសចរប្រមាណជា ៦ លាននាក់ ហើយក្រោយពេលមានជំងឺកូវីដ-១៩ភ្ញៀវទេសចរអន្តរជាតិបានធ្លាក់មកត្រឹម២ម៉ឺននាក់ប៉ុណ្ណោះ ។ សម្ដេចតេជោបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំជួយ ដល់ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋដែលមានផលប៉ះពាល់ដោយជំងឺកូវីដ-១៩ នេះ។ សម្ដេចតេជោក៏បានជម្រាបជូនដល់បណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ានថា កម្ពុជាខិតខំជំរុញការចាក់វ៉ាក់សាំងដូសជំរុញគឺដូសទី៣និងដូសទី៤សម្រាប់អ្នកដែលស្ថិតនៅជួរមុខ។ ដែលកត្តាទាំងអស់នេះធ្វើឲ្យកម្ពុជាអាចមានឱកាសបើកប្រទេសជាតិឡើងវិញ។
សម្ដេចបានគូសបញ្ជាក់ថា ពេលយើងមានវ៉ាក់សាំងកូវីដ-១៩ យើងបានឃើញថាសមាជិកអាស៊ាននីមួយៗបានចាត់វិធានការខុសៗគ្នាក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩។ សម្ដេចតេជោក៏បានគូសបញ្ជាក់អំពីកំណើនសេដ្ឋកិច្ចកម្ពុជាដែលឆ្នាំ ២០២០ ដោយសារឥទ្ធិពលនៃកូវីដ-១៩ កំណើនសេដ្ឋកិច្ចបានធ្លាក់ចុះ ប៉ុន្តែឆ្នាំ២០២១កន្លងទៅបានឡើងជាង៣% ឯណោះខណ:ធនាគារពិភពលោកបានទស្សន៍ទាយថាអាចកើនឡើងបានប្រមាណ២% ប៉ុន្តែជាក់ស្ដែងបានកើនឡើងរហូតដល់ជាង៣%ឯណោះ។
សម្ដេចតេជោបានបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្នបានប្រសើរហើយៗសម្ដេចបានស្នើឲ្យមានការជំរុញការធ្វើដំណើរក្នុងអាស៊ានជាពិសេសគួរពិនិត្យឡើងវិញនូវការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងវិស័យទេសចរណ៍នេះ ដោយសម្តេចស្នើឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាននេះពិនិត្យមើលឡើងវិញ ដោយសារទេសចរណ៍ជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចម្យ៉ាងទៀតដោយសារទំនាក់ទំនងរវាងប្រជាជន និងប្រជាជនជាការសំខាន់ផងដែរ។សម្ដេចតេជោបានជម្រាបជូនបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ានថា កន្លងមកកម្ពុជាមានប៉ូលសេដ្ឋកិច្ចរហូតដល់ ៣ គឺមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ហើយឥឡូវនេះរាជរដ្ឋាភិបាលក៏បានបង្កើតប៉ូលទី៤ ផងដែរ នៅប៉ែកឦសានប្រទេសដែលមាន ឧស្សាហកម្ម កសិកម្ម មានដូចជាកាហ្វេ និងគ្រាប់ស្វាយចន្ទីជាដើម។សម្ដេចតេជោបានគូសបញ្ជាក់អំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការវិនិយោគបន្ថែមលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ និងខេត្តសៀមរាបដោយ កម្ពុជាបានចាយថវិកាមួយចំនួនក្នុងការកសាងបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ជាដើម។សម្ដេចតេជោបានគូសបញ្ជាក់ថាយើងនឹងបញ្ចប់ការកសាងផ្លូវល្បឿនលឿននៅពេលខាងមុខពីភ្នំពេញទៅខេត្តព្រះសីហនុហើយកំពុងពិចារណាលើការកសាងផ្លូវរថភ្លើងល្បឿនលឿនផងដែរ រវាងភ្នំពេញ និងប្រទេសថៃ និងភ្នំពេញប្រទេសវៀតណាមនៅពេលអនាគត។
លោកអគ្គលេខាធិការអាស៊ានបានមានប្រសាសន៍ថា លោកពិតជាថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រីចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចនៅក្នុងកម្មវិធីបើកវេទិកាទេសចរណ៍អាស៊ានក៏ដូចជាក្នុងកម្មវិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានផងដែរ។ លោកបន្តថាអ្វីដែលសម្ដេចបានលើកឡើងក្នុងការជំរុញសមាហរណកម្មអាស៊ាន ជាពិសេសឧស្សាហកម្មទេសចរណ៍ជាតែម្ដង ដែលកន្លងមកមានការប៉ះពាល់យ៉ាងខ្លាំងដោយសារការជះឥទ្ធិពលនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩។ លោកថាអ្វីដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីផ្ដល់វត្តមាន និងសន្ទរកថារបស់សម្ដេចបានលើកទឹកចិត្តនិងណែនាំឲ្យបណ្ដាប្រទេសអាស៊ានបន្តខិតខំក្នុងការជំរុញធ្វើយ៉ាងណាឱ្យបានជាលទ្ធផលផ្លែផ្កាជាក់ស្ដែងនៅពេលខាងមុខហើយឯកឧត្តមក៏បានសាទរកម្ពុជាដែលបានបើកវេទិកាទេសចរណ៍អាស៊ានលើកដំបូងក្នុងរយៈពេល២ឆ្នាំដោយសារយើងមិនបានរៀបចំពីមុនមកដោយសារបញ្ហាកូវីដ-១៩។ ដូច្នេះអ្វីដែលកម្ពុជាបានធ្វើនេះជាជោគជ័យហើយកន្លែងដែលល្អក្នុងការជំរុញឲ្យមានវេទិកាទេសចរណ៍អាស៊ានកម្ពុជានេះគឺល្អណាស់។ មិនត្រឹមតែប៉ុណ្ណោះ លោកមានប្រសាសន៍ផងដែរថា ការដែលយើងរៀបចំបើកឡើងវិញវេទិកាទេសចរណ៍អាស៊ាននេះក៏បញ្ជាក់អំពីការបើកឡើងវិញនៃទេសចរណ៍អាស៊ានផងដែរ។
លោកបញ្ជាក់ថាកន្លងទៅមុនកូវីដ-១៩ ផ្នែកវិស័យទេសចរណ៍បើគិតជា GDPស្មើនឹង១៤,៣%នៃ GDPអាស៊ានសរុបទាំងមូល ហើយបើគិតនៅក្នុងមុខរបរការងារក្នុងអាស៊ានគឺស្មើប្រមាណជាង១៣%ឯណោះ។
ដូច្នេះវិស័យទេសចរណ៍នេះសំខាន់ណាស់សម្រាប់ទ្រទ្រង់សហគ្រាសនៃមីក្រូតូច និងមធ្យមក្នុងអាស៊ានហើយក៏ជាផ្នែកមួយដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចក្នុងអាស៊ាន។ លោកបានបញ្ជាក់សារជាថ្មីថាការប្រជុំនៅខេត្តព្រះសីហនុសម្រាប់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាននេះគឺបានបញ្ជូនសារសំខាន់ណាស់អំពីការធ្វើដំណើរសម្រាប់ទេសចរណ៍ក្នុងអាស៊ានឡើងវិញក៏ដូចជាសម្រាប់ជូនសារទៅក្រៅតំបន់អាស៊ានថាវិស័យទេសចរណ៍អាស៊ានបានបើកឡើងវិញហើយ។ ក្នុងកិច្ចប្រជុំនេះដែរលោកគូសបញ្ជាក់ថានៅប្រទេសកម្ពុជាកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍នឹងអនុម័តលើឯកសារមួយចំនួនជាពិសេសក្នុងការស្ដារឡើងវិញលើវិស័យទេសចរណ៍ក្រៅពីកូវីដ-១៩ ហើយជាពិសេសទៀតសេចក្តីប្រកាសទីក្រុងភ្នំពេញនេះធ្វើយ៉ាងណាជំរុញទេសចរណ៍ដែលមានលក្ខណៈធន់និងបត់បែន។ឯកឧត្តមបញ្ជាក់ដែរថាការងារអាទិភាពរបស់កម្ពុជាឆ្នាំនេះក្នុងក្របខណ្ឌវិស័យទេសចរណ៍គឺជំរុញធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចអាស៊ានងើបឡើងវិញហើយវិស័យទេសចរណ៍នេះគឺអាចចូលរួមក្នុងការអនុវត្តនូវគំនិតផ្ដួចផ្ដើមមួយចំនួនក្នុងការជួយជម្រុញសេដ្ឋកិច្ចអាស៊ានក្នុងការពង្រឹងវិស័យទេសចរណ៍អាស៊ាន ជាពិសេសដល់អ្នកដែលប្រកបអាជីពលើវិស័យទេសចរណ៍នេះ។ លោកអគ្គលេខាធិការអាស៊ានបានមានប្រសាសន៍ទៀតថាយើងនឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយបណ្ដាសមាជិកអាស៊ានទាំងអស់ធ្វើយ៉ាងម៉េចបើកឡើងវិញវិស័យទេសចរណ៍ហើយសំខាន់ណាស់អ្វីដែលសម្ដេចតេជោបានស្នើឲ្យអាស៊ានធ្វើយ៉ាងណារៀបចំបើកនិងអនុវត្តរបៀងអាស៊ានសម្រាប់ការធ្វើដំណើររបស់អាស៊ានយើងមានផែនការក្នុងការបើកនិងជំរុញជាពិសេសការធ្វើដំណើរទេសចរណ៍នៅពេលខាងមុខនេះជាពិសេសពាក់ព័ន្ធផ្នែកផ្សេងៗទៀតដូចជាសុខាភិបាល ដឹកជញ្ជូននិងការបរទេស។ដូច្នេះអគ្គលេខាធិការបានសន្យាជាមួយសម្ដេចតេជោថាអគ្គលេខាធិការអាស៊ាននឹងខិតខំធ្វើការងារជាមួយសមាជិកអាស៊ានដៃគូពាក់ព័ន្ធនឹងវិស័យមួយចំនួនធ្វើយ៉ាងណាជំរុញឲ្យអនុវត្តបានក្នុងការធ្វើដំណើរនៅក្នុងក្របខ័ណ្ឌអាស៊ានប៉ុន្តែអ្វីដែលចាំបាច់គឺត្រូវរៀបចំឱ្យមានផែនការសកម្មភាពហើយការងារនិងលើកយកមកពិភាក្សានៅក្នុងខែមិនាខាងមុខនៅពេលរដ្ឋមន្ត្រីសុខាភិបាលជួបគ្នានៅពេលខាងមុខ។ អគ្គលេខាធិការអាស៊ានបានសន្យាថានឹងធ្វើការងារនេះជាមួយនិងវិស័យពាក់ព័ន្ធទាំងអស់ខិតខំជំរុញយ៉ាងណាឲ្យវិស័យទេសចរណ៍កំរើកឡើងវិញ។អគ្គលេខាធិការអាស៊ានក៏បានថ្លែងអំណរគុណក្នុងភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានផ្ដល់ភាពកក់ក្តៅនិងលើកទឹកចិត្ត ជាពិសេសសារក្នុងសន្ទរកថារបស់សម្ដេចគឺបានខិតខំជំរុញធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍បានប្រសើរជាងមុននិងចូលរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចអាស៊ានបានប្រសើរជាងមុន៕