ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev កាលពីថ្ងៃទី១៩ខែមករា បានប្រកាសដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Murat Bektanov ដោយសារតែ អសមត្ថភាពក្នុងការគ្រប់គ្រង ទប់ស្កាត់អំពើហិង្សាមិនធ្លាប់មាន តាំងពីប្រទេសកាហ្សាក់ស្ថានទទួលបានឯករាជ្យរយៈពេល៣០ឆ្នាំកន្លងមក។ ការសម្រេចដកហូតតំណែងលោក Bektanov គឺជាការកែទម្រង់ថ្មីក្នុងក្រុមសន្តិសុខ ក្រោយពីមានអំពើហិង្សាកើតឡើងបំផ្លាញទ្រព្យសម្បត្តិ និងអាយុជីវិតជាច្រើននាក់មក។ ប្រធានាធិបតីកាហ្សាក់ស្ថាន បានបញ្ជាក់ទៀតថា «នៅក្នុងព្រឹត្តិការណ៍កាលពីដើមខែមករា កម្លាំងសន្តិសុខមិនបំពេញភារកិច្ចដែលបានប្រគល់ជូននោះទេ។ មន្ត្រីសន្តិសុខមិនមានសកម្មភាពច្បាស់លាស់ទប់ស្កាត់ទាន់ពេលវេលា»។ ប្រធានាធិបតី Tokayev បានលើកឡើងថា រដ្ឋមន្ត្រីការពារជាតិ Bektanov «ខ្វះគុណភាពជាមេបញ្ជាការ» “។ នៅពេលនេះដែរ ប្រធានាធិបតីកាហ្សាក់ស្ថានបានផ្តល់តំណែងរដ្ឋមន្ត្រីការពារជាតិជូនលោក Ruslan Zhaksylykov វិញ។ លោក Ruslan Zhaksylykov ធ្លាប់កាន់តំណែងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។ អំពើហិង្សានៅក្នុងប្រទេសកាហ្សាក់ស្ថានបានបំផ្លាញសេដ្ឋកិច្ចយ៉ាងតិច៣ពាន់លានដុល្លារ ហើយក្រុមហ៊ុនជាង១.៣០០ក្រុមហ៊ុនបានរងផលប៉ះពាល់ ក្នុងនោះមានក្រុមហ៊ុនធនាគារជាង១០០រងការវាយប្រហារ រថយន្តប៉ូលិសជាង ៥០០គ្រឿងបានរងការដុតបំផ្លាញ៕ ដោយសាធី
រូបថត៖The Astana Times