ខេត្តកំពង់ស្ពឺ : នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះ រដ្ឋបាលខេត្តកំពង់ស្ពឺបានចេញដីកាប្រកាសបដិសេធ និងដកហូតដីព្រៃឈើដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់លើទីតាំងចំនួន ២ កន្លែងដែលមានផ្ទៃដីសរុប ៧៨៤ ហិកតា ស្ថិតក្នុងដែនជម្រក សត្វព្រៃឱរ៉ាល់ ត្រង់ចំណុចភូមិត្រាង និងភូមិចំបក់ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
រដ្ឋបាលខេត្តសម្រេច :
ប្រការ១…ត្រូវបានប្រកាសបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃ របស់រដ្ឋដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ លើទីតាំងដីចំនួនពីរកន្លែង ដែលមានផ្ទៃដីសរុប ៧៨៤ហិកតា (ប្រាំពីររយប៉ែតសិបបួនហិកតា) ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ត្រង់ចំណុចភូមិត្រាង និងភូមិចំបក់ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានចំណុចនិយាមកា និងផែនទីបង្ហាញទីតាំងដី មកជាមួយស្រាប់។
ប្រការ២…កំណត់រយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការ សម្រាប់ទុកសិទ្ធិដើម្បីធ្វើការតវ៉ា។
ប្រការ៣.. បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងដីកានេះ ត្រូវទុកជានិរាករណ៍។
ប្រការ៤…រដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកឱរ៉ាល់ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ការិយាល័យដែនជម្រកសត្វព្រៃ អនុគណៈកម្មាធិការខេត្ត ក្រុមការងារដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករា ទន្ទ្រាន យកដីព្រៃរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់លើតំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធនានា ត្រូវអនុវត្តន៍ ដីកានេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
សូមបញ្ជាក់ថា, ក្នុងរយៈពេលប៉ុន្មានខែមុននេះដីព្រៃរបស់រដ្ឋ ស្ថិតក្នុងដែនជម្រក សត្វព្រៃឱរ៉ាល់ ចំណុចភូមិត្រាង និងភូមិចំបក់ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ភាគច្រើនជាមន្ត្រីរាជការ អ្នកមានអំណាច ឈ្មួញទន្រ្ទានយក ឈូសឆាយ យ៉ាងអនាធិតេយ្យ មិនមែនត្រឹមតែ ៧៨៤ ហិកតា នោះឡើយ។ សូម្បីតែឈ្មួញរកស៊ីដឹកឈើខុសច្បាប់ក៏ទន្រ្ទាន ខណៈពួកគេស្និទ្ធនឹងជំនាញពាក់ព័ន្ធ ធ្លាប់ផ្តល់ប្រយោជន៍នឹងបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ជាហូរហែ៕
ដោយ : សិលា