ក្រសួងមហាផ្ទៃស្នើឱ្យព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ រៀបចំសមាជដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ស្របតាមច្បាប់ !

ចែករំលែក៖

ភ្នំពេញ : ក្រសួងមហាផ្ទៃស្នើឱ្យព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ រៀបចំសមាជដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ឱ្យស្របតាមខ្លឹមសារប្រការ១៦ ប្រការ១៧ថ្មី ប្រការ១៩ ប្រការ២០ ប្រការ២៤ និងប្រការ៣៥ នៃលក្ខន្តិកៈគណបក្សតម្កល់ទុកនៅក្រសួងមហាផ្ទៃ ព្រមទាំងបញ្ញត្តិមាត្រា១៨ថ្មី នៃច្បាប់ស្ដីពីគណបក្សនយោបាយ។ នេះបើយោងតាម លិខិតក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង មហាផ្ទៃ សូមទូលថ្វាយ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលអង្គភាព”នគរដ្រេហ្គន” ទទួលបាននៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ទូលបង្គំសូមទូលថ្វាយថា ក្រសួងមហាផ្ទៃបាន ទទួលរួចហើយនូវសេចក្តីសម្រេចលេខ០៤៥ ហសប ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ របស់គណបក្សហ៊្វុនស៊ិនប៉ិច តែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ស្របតាមប្រការ៥៩ថ្មី នៃលក្ខន្តិកៈ គណបក្ស។ ដូច្នេះ ក្រសួងមហាផ្ទៃស្នើឱ្យព្រះអង្គម្ចាស់ ត្រូវធ្វើការសម្របសម្រួលផ្ទៃក្នុងគណបក្ស ដើម្បីរៀបចំ សមាជជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្សឱ្យស្របតាមខ្លឹមសារប្រការ១៦ ប្រការ១៧ថ្មី ប្រការ១៩ ប្រការ២០ ប្រការ២៤ និងប្រការ៣៥ នៃលក្ខន្តិកៈគណបក្សតម្កល់ទុកនៅក្រសួងមហាផ្ទៃ ព្រមទាំងបញ្ញត្តិមាត្រា១៨ថ្មី នៃ ច្បាប់ស្តីពីគណបក្សនយោបាយផងដែរ។

អាស្រ័យហេតុនេះ សូម ព្រះអង្គម្ចាស់ ជ្រាប និងចាត់ចែងអនុវត្តតាមស្មារតី ខាងលើតាមការគួរ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print