កីឡាករបាល់ទាត់ប្រេស៊ីល Robinho បានចាញ់ក្តីក្នុងការប្តឹងឧទ្ធរណ៍ចុងក្រោយរបស់គាត់ប្រឆាំងនឹងការផ្តន្ទាទោសសម្រាប់ការចូលរួមក្នុងការរំលោភបូកលើស្ត្រីនៅទីក្រុង Milan កាលពីឆ្នាំ២០១៣។ កាលពីថ្ងៃព្រសហ្បតិ៍ តុលាការកំពូលក្នុងទីក្រុងរ៉ូមបានតម្កល់សាលក្រមមុនដែលកាត់ទោសកីឡាករវ័យ៣៧ឆ្នាំរូបនេះឲ្យជាប់ពន្ធនាគារ៩ឆ្នាំ។
ក្នុងឆ្នាំ២០១៧ Robinho និងជនជាតិប្រេស៊ីល៥នាក់ផ្សេងទៀតត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទរំលោភលើស្ត្រីជនជាតិអាល់បានីអាយុ២២ឆ្នាំនៅក្នុងក្លិបរាត្រីមួយ។ ការកាត់ទោសនេះត្រូវបានតម្កល់កាលពីខែធ្នូ ឆ្នាំ២០២០បន្ទាប់ពីការប្តឹងឧទ្ធរណ៍។Robinho ទំនងជាមិនទទួលទោសគាត់ទេ ខណៈគាត់នៅក្នុងប្រទេសប្រេស៊ីល ហើយរដ្ឋធម្មនុញ្ញប្រេស៊ីលហាមឃាត់ការធ្វើបត្យាប័នពលរដ្ឋខ្លួន បើទោះបីអ៊ីតាលីអាចស្នើឲ្យគាត់អនុវត្តទោសនៅក្នុងប្រទេសអាមេរិកខាងត្បូងក៏ដោយ។Robinho ដែលលេងបាន១០០ប្រកួតឲ្យក្រុមប្រេស៊ីលបានចាប់ផ្តើមអាជីពរបស់គាត់នៅក្រុម Santos មុនពេលផ្លាស់ទៅក្លិប Real Madrid ក្នុងឆ្នាំ២០០៥ជាកន្លែងដែលគាត់បានឈ្នះពានរង្វាន់ La Ligaចំនួន២ក្នុងរយៈពេល៤រដូវកាល។ ក្នុងឆ្នាំ២០០៨ គាត់បានចូលរួមជាមួយ Manchester City ក្នុងតម្លៃ៣២.៥លានផោនដែលជាតម្លៃកំណត់ត្រានៅអង់គ្លេស ប៉ុន្តែគាត់ត្រូវបានខ្ចីជើងទៅក្លិប Santos ក្នុងខែមករា ឆ្នាំ២០១០ បន្ទាប់ពីព្យាយាមបង្កើតស្នាដៃនៅក្នុងប្រទេសអង់គ្លេស។គាត់បានជួយក្រុមឈ្នះ Serie A កំឡុងពេលលេងជាបន្តបន្ទាប់នៅក្លិប AC Milan ប៉ុន្តែបានត្រលប់ទៅក្រុម Santos វិញក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែសីហា ឆ្នាំ២០១៤ មុនពេលចូលរួមជាមួយក្លិបចិន Guangzhou Evergrande ក្នុងខែកក្កដា ឆ្នាំ២០១៥។នៅពេលដែលកិច្ចសន្យារយៈពេល៦ខែរបស់គាត់បានផុតកំណត់ គាត់បានត្រលប់ទៅប្រេស៊ីលវិញដោយចូលរួមជាមួយក្រុម Atletico Mineiro ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ និងបានប្រកបអាជីពនៅក្លិបទួរគីចំនួន២ឆ្នាំ មុនពេលត្រលប់ទៅក្លិបដើម Santos ក្នុងខែតុលា ឆ្នាំ២០២០ក្នុងកិច្ចសន្យារយៈពេល៥ខែ។
ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីការចុះហត្ថលេខារបស់គាត់ត្រូវបានជួបជាមួយនឹងការរិះគន់ ក្លិបប្រេស៊ីលបានព្យួរកិច្ចសន្យារបស់គាត់ ដើម្បីឱ្យកីឡាករផ្តោតទាំងស្រុងលើការការពារក្តីរបស់គាត់នៅក្នុងករណីដែលកំពុងបន្តនៅប្រទេសអ៊ីតាលី ៕ (រូបភាព ៖ BBC Sport)