ស្វែងយល់អំពីទំនៀមទំលាប់ និងប្រពៃណីខ្មែរ

ចែករំលែក៖

(តពីលេខមុន)
*កោរសក់កាន់ទុក្ខ
ការកោរសក់ស្លៀកស ពាក់សនេះវាជាទម្លាប់ទំនៀមរបស់ជនជាតិខ្មែរជាន់ដើម ជាសញ្ញាសម្គាល់ថាអ្នកនោះឯងកាន់ទុក្ខដោយមានសាច់សាលោហិតជិតទទួលមរណភាព។ ប្រពន្ធត្រូវការកោរសក់កាន់ទុក្ខប្ដី។ ប្ដីមិនត្រូវកោរសក់កាន់ទុក្ខប្រពន្ធទេ។កូនត្រូវកោរសក់កាន់ទុក្ខមាតាបិតា។ចៅបង្កើតត្រូវកោរសក់កាន់ទុក្ខជីដូនជីតា។សិស្សានុសិស្សត្រូវកោរសក់កាន់ទុក្ខលោកគ្រូបាអាចារ្យឧបជ្ឈាយ៍។កូនក្មួយខ្លះដែលគេស្រឡាញ់ម្ដាយធំម្ដាយមីងឪពុកធំ ឪពុកមាក៏គេកោរសក់កាន់ទុក្ខដែរ។
ឯពួកមនុស្សបម្រើក្នុងផ្ទះដែលពុំមែនជាញាតិសន្តាន យើងជាម្ចាស់សពដែលមានទ្រព្យសម្បត្តិគ្រាន់បើ ចង់ឱ្យមនុស្សទាំងនោះចូលកាន់ទុក្ខជាមួយផង ក្នុងរវាងថ្ងៃបុណ្យនោះយើងអាចចែកសំពត់អាវសឱ្យស្លៀកពាក់ផងក៏មិនទាស់អ្វី ជួនកាលគេឲ្យកោរសក់ទៀតផង។
*រយ:ពេលកាន់ទុក្ខ
កំណត់ពេលកាន់ទុក្ខមិនជាទម្លាប់បង្ខំថាប៉ុន្មានឆ្នាំ ប៉ុន្មានខែឡើយ ស្រេចតែទ្រាំទ្របានព្រោះការកាន់ទុក្ខនេះមិនមែនជាសម្លៀកបំពាក់សម្រាប់តុបតែងខ្លួនប្រាណឱ្យល្អស្រស់នោះទេ។យើងដឹងខ្លួនយើងច្បាស់ណាស់ហើយថា យើងមានទុក្ខថាយើងមិនសុខមិនសប្បាយ ថាយើងសោកស្ដាយស្រណោះអាឡោះអាល័យដែលព្រាត់ប្រាស់បាត់បង់ទៅ។ដូច្នេះហើយមិនត្រូវថាស្លៀកខ្មៅពាក់ខ្មៅស្លៀកសពាក់សឬប៉ានខ្មៅនៅអាវនោះអាចនឹងធ្វើឱ្យខ្លួនយើងល្អស្រស់ជាងធម្មតានោះទេ។
តាមរបៀបទម្លាប់ស្រុកអឺរ៉ុបគេចែកពេលកាន់ទុក្ខនេះជាថ្នាក់ គេឲ្យឈ្មោះថា”ទុក្ខធំ”នឹងទុក្ខ”ពាក់កណ្ដាល”។ នោះស្ត្រីមេម៉ាយគេកាន់ទុក្ខអស់រវាងពីរឆ្នាំបុរសពោះម៉ាយគេកាន់ទុក្ខអស់រវាងមួយឆ្នាំជាកំណត់។គេកាន់ទុក្ខ ៦ ខែសម្រាប់មាតាបិតា ជីដូន ជីតា បងប្អូន ស្រីប្រុសបង្កើត បងថ្លៃ ប្អូនថ្លៃ ៣ខែសម្រាប់មាមីង ឪពុកធំ ម្ដាយធំ ៦សប្តាហ៍សម្រាប់បងប្អូនជីដូនមួយ ម្ដាយឪពុកចិញ្ចឹមម្ដាយធម៌ ឪពុកធម៌ បើកូនក្មេងការកាន់ទុក្ខនេះមិនជាបង្ខំទេ។
សូមចាំកុំភ្លេចថាការកាន់ទុក្ខនេះពិបាកបន្តិច ឲ្យត្រូវគោរពនិងទ្រាំទ្រឱ្យមែនទែនកុំឲ្យឈ្លើយ។ចំណែកពេលវេលាវិញមិនមែនជាការកម្រិតថាត្រូវតែឱ្យត្រឹមកំណត់ប៉ុណ្ណោះឆ្នាំ ប៉ុណ្ណេះខែឡើយ។យើងតាំងចិត្តធ្វើបានប៉ុន្មានក៏យកប៉ុណ្ណោះទៅ ក៏ប៉ុន្តែក្នុងរវាងពេលកាន់ទុក្ខនោះត្រូវឲ្យមានការសង្រួមឲ្យបានបរិបូណ៌ស្ត្រីមេម៉ាយកាលណាឈប់កាន់ទុក្ខគប្បីស្លៀកពាក់តែសំពត់អាវដែលមានពណ៌មិនឆើតឆាយដូចជាពណ៌ប្រផេះ ស្វាយខ្ចី ខៀវខ្ចី ពណ៌ដៃដែក ពណ៌ស្រគាំ។ល។នេះទើបសមរម្យ លុះត្រាតែមានប្ដីទៀតទើបប្រើប្រាស់តាមរបៀបអ្នកមានប្ដី។
មួយទៀតក្នុងរោងរបាំដូរតន្ត្រីមានល្ខោនជាដើមនោះ មិនមានការហាមប្រាមទេ ក៏ប៉ុន្តែបើយើងនៅក្នុងការកាន់ទុក្ខ ហើយចូលទៅមើលរបាំ អ្នកទាំងពួងគេមើលមកហាក់ដូចជាឲ្យទើសភ្នែកគេឬឲ្យគេកើតទុក្ខអផ្សុកសុខចិត្តដោយសារយើងមិនខាន។មិនតែប៉ុណ្ណោះឡើយដូចជាត្រូវគេអញ្ជើញទៅក្នុងមង្គលការអាពាហ៍ពិពាហ៍ឬទៅទទួលលាងភោជនីយនាអាហារពិសាកម្សាន្ដនោះ ក៏ពុំគួរគប្បីទទួលអញ្ជើញគេឲ្យសោះ។គួរតែតបតាមផ្លូវលិខិតដោយសុំអភ័យទោសគេថា យើងកំពុងមានកិច្ចជាប់នៅក្នុងត្រណមកាន់ទុក្ខ។ តែបើយើងយល់ថា កិច្ចនេះខានមិនបាន ត្រូវយើងលាកាន់ទុក្ខជាមុនឲ្យស្រេច នេះឥតទាស់ទេ។
ការកាន់ទុក្ខនេះមិនមែនមួយថ្ងៃកាន់មួយថ្ងៃលានោះទេ បើកាន់ហើយត្រូវកាន់ឲ្យត្រឹមត្រូវតាមពេលកម្រិត បើលាទុក្ខហើយត្រូវលាឱ្យរហូត។
(តទៅលេខក្រោយ)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print