ភ្នំពេញ៖ នេះបើយោងតាមផេកផ្លូវការ របស់ (Cambodia2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣
#កីឡារស់ក្នុងសន្ដិភាព sport:live in peace នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ គឺលោក យ៉ាំ ថៃសាន អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានបញ្ជាក់ថា សម្រាប់ការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រសិនបើមានតែធនធានកីឡាករ-កីឡាការិនីប្រកបដោយសក្ដានុពល តែខ្វះខាតធនធានអាជ្ញាកណ្ដាល-ចៅក្រម ក៏យើងជួបការលំបាកដែរ ។ ដូច្នេះទាមទារឲ្យពង្រឹងការអភិវឌ្ឍ និងដើរស្របគ្នា ទាំងមន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនី ។
ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាល កម្រិត “ក” រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៩-២៣ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដោយមានសិក្ខាកាមចូលរួមសរុប ២៥នាក់ មកពី ១០រាជធានី-ខេត្ត ក្រោមការបង្ហាត់បង្រៀនរបស់គ្រូឧទ្ទេសកម្រិតអន្ដរជាតិ ២រូប គឺលោក Nguyen Van Coung និងលោក ទេព ជីវសុខុម ។
ដោយសារអាជ្ញាកណ្ដាល-ចៅក្រម គឺជាផ្នែកមួយសំខាន់ ក្នុងដំណើរការអភិវឌ្ឍ នៃវិស័យកីឡា លោកអគ្គលេខាធិការសហព័ន្ធ បានជំរុញឲ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹងពីគ្រូឧទ្ទេសកម្រិតអន្ដរជាតិ ធ្វើយ៉ាងណាត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីឆ្លើយតបជាមួយនឹងតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការប្រកួតជាតិ-អន្ដរជាតិនានា ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជំរុញឲ្យមន្ដ្រី អាជ្ញាកណ្ដាល-ចៅក្រម ត្រូវប្រកបដោយសុក្រឹត្យភាព ក្នុងការកាត់សេចក្ដី ទាំងការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ។
លោក យ៉ាំ ថៃសាន បន្ដថា «វគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាលនេះ យើងធ្វើរៀងរាល់ឆ្នាំ ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ដ្រីបច្ចេកទេស ចៅក្រម-អាជ្ញាកណ្ដាលរបស់យើង ដើម្បីឆ្លើយតបជាមួយនឹងការប្រកួត ក៏ដូចជាព្រឹត្តិការណ៍នានា ក្នុងកម្រិតជាតិ អន្ដរជាតិ ពិសេសយើងនៅមានបេសកកម្មធំៗច្រើន នាពេលខាងមុខ ដូចជាកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ នៅដើមឆ្នាំ២០២៣ ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដែលយើងត្រូវតែពង្រឹងនូវធនធានមនុស្សរបស់យើងឲ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីត្រៀមជាមួយព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ» ។
លោកសង្កត់ធ្ងន់ថា «វាជាការពិត ក្នុងនាមយើងជាម្ចាស់ផ្ទះ ទាំងយើង ក៏ដូចបណ្ដាប្រទេសផ្សេងទៀតដែរ បើសិនជាយើងមានកីឡាករដែលប្រកបដោយធនធាន និងសក្ដានុពល តែបើយើងអត់មានធនធានជាចៅក្រម-អាជ្ញាកណ្ដាល យើងក៏ជួបការលំបាកដែរ ជាក់ស្ដែងយើងមានបទពិសោធន៍ច្រើនហើយ ។ អ៊ីចឹងបើយើងមានមន្ដ្រីអាជ្ញាកណ្ដាលចៅក្រម ដែលមានសមត្ថភាពពិតប្រាកដក្នុងការដឹកនាំរៀបចំការប្រកួត វាផ្ដល់ផលល្អសម្រាប់ប្រទេសយើង ក្នុងនាមយើងជាម្ចាស់ផ្ទះផង ពិសេសគឺការប្រកួតផ្ទាល់តែម្ដង» ៕