មន្ត្រីរុស្ស៊ីបានបញ្ជាក់នៅថ្ងៃទី ២១ខែមករាថា នឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំកម្លាំងទាហានជើងទឹក ដោយមានការចូលរួមពីកងពលទាំងអស់។ សមយុទ្ធនឹងធ្វើឡើងនៅចុងខែនេះនិងដើមខែកុម្ភៈនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងអាត្លង់ ទិក។ សារព័ត៌មានរ៉យទ័របានដកស្រង់ការប្រកាសរបស់មេបញ្ជាការទាហានជើងទឹករុស្ស៊ីលោក Nikolay Yevmenov ដែលបានបញ្ជាក់ថា «តាមគម្រោងហ្វឹកហាត់កម្លាំងទាហាននៅក្នុងឆ្នាំ២០២២នេះ ការធ្វើសមយុទ្ធទ្រង់ទ្រាយធំនឹងចាប់ផ្តើមនៅចុងខែមករា និងដើមខែកុម្ភៈឆ្នាំ ២០២២នេះ។ សមយុទ្ធធ្វើឡើងដោយមានការចូលរួមពីកងពលទាំងអស់ក្រោមការបញ្ជារបស់អគ្គមេបញ្ជាការកងទ័ពជើងទឹករុស្ស៊ី»។ តាមការប្រកាសរុស្ស៊ីនឹងធ្វើសមយុទ្ធនៅតំបន់សមុទ្រជិតប្រទេសរុស្ស៊ី និងសមុទ្រអន្តរជាតិដែលមានទីតាំងយុទ្ធសាស្ត្ររបស់រុស្ស៊ី ។ ការធ្វើសមយុទ្ធនឹងធ្វើឡើងទាំងនៅក្នុងតំបន់សមុទ្រមេឌីទែរ៉ាណេ សមុទ្រខាងជើង សមុទ្រ Okhotsk សមុទ្រភាគឦសាននៃមហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រប៉ាស៊ីហ្វិក។ ក្នុងពេលនេះដែរកងទ័ពជើងទឹកនៃប្រទេសរុស្ស៊ីទើបតែទទួលបាននាវាមុជទឹកចំនួន៣គ្រឿងទៀត យកទៅបង្កើនសមត្ថភាពរបស់ខ្លួន ដោយ២គ្រឿងក្នុងចំណោមនោះ ដើរដោយថាមពលនុយក្លេអ៊ែរ។ ជុំវិញសមិទ្ធផលខាងលើ, អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Alexey Krivoruchko កាលពីថ្ងៃទី២០ខែមករា បានផ្ញើរបាយការណ៍ទៅកាន់រដ្ឋមន្ត្រីការពារជាតិលោក Sergey Shoigu ថា «នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួន២គ្រឿង រួមជាមួយនឹងនាវាមុជទឹកខ្នាតធំដើរដោយថាមពលឥន្ធនៈមួយគ្រឿងទៀតត្រូវបានប្រគល់ជូនកងទ័ពជើងទឹករួចហើយ»។ បន្ថែមពីខាងលើនេះ កងទ័ពជើងទឹករុស្ស៊ីក៏បានទទួល នាវាចម្បាំងថ្មីចំនួន២គ្រឿង, ប្រព័ន្ធរ៉ាដា និងប្រព័ន្ធមីស៊ីលថ្មីចំនួន ១គ្រឿង, យន្តហោះជំនួយថ្មីចំនួន ៤គ្រឿង និងយន្តហោះដែលត្រូវបានជួសជុលរួចចំនួន៤គ្រឿងទៀតផងដែរ៕ ដោយសាធី
រូបថត៖Reuters.