ភ្នំពេញ ៖ នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានប្រកាសពីការធ្វើបច្ចុប្បន្នភាព នីតិវិធីសម្រាប់បង្ការ និងទប់ស្កាត់ការចម្លង និងរីករាលដាលនៃវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង (Omicron) សម្រាប់អ្នកដំណើរចូលប្រទេសកម្ពុជាទាំងអស់ចំនួន ៣ចំណុច៖
១-សម្រាប់ជនបរទេសទាំងអស់ដែលចូលមកព្រះរាជាណាចក្រកម្ពុជា…អនុញ្ញាតឱ្យព្យាបាល នៅសណ្ឋាគារ ឬនិវេសនដ្ឋានរបស់ស្ថានទូត ឬទីកន្លែងដែលពួកគាត់ជ្រើសរើសដោយពុំចាំបាច់ទៅ សម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ របស់រដ្ឋទេ។
២-សម្រាប់ជនជាតិខ្មែរ ទាំងអ្នកមកពីបរទេស និងអ្នកនៅក្នុងប្រទេស អនុញ្ញាតឱ្យស្នាក់នៅ ព្យាបាលតាមផ្ទះ ដូចករណីអ្នកជំងឺកូវីដ-១៩ ប្រភេទអាល់ហ្វា ឬដែលតា ដែរ ដោយគោរពតាមនីតិវិធី ប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។ ប្រសិនបើមាន កត្តាហានិភ័យសុខភាព អ្នកជំងឺអាចធ្វើការជ្រើសរើសធ្វើការព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលព្យាបាល ជំងឺកូវីដ-១៩រដ្ឋ ឬឯកជន ដែលទទួលបានការអនុញ្ញាតឱ្យព្យាបាលជំងឺកូវីដ-១៩។
៣- ចំពោះអ្នកជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ជាជនបរទេស ឬជនជាតិខ្មែរ ដែលកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ប្រសិនជាមានបំណងចាកចេញទៅព្យាបាល នៅតាមផ្ទះ ឬសណ្ឋាគារ ត្រូវបានអនុញ្ញាតឱ្យចាកចេញចាប់ពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នេះតទៅ។ ក្នុងករណីដែលអ្នកជំងឺមានគេហដ្ឋានសមរម្យ អាចស្នាក់នៅព្យាបាលដាច់ដោយឡែកពីក្រុមគ្រួសារ និង ត្រូវគោរពតាមនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដោយមានការចូលរួមសហការរាយការណ៍ជូនដល់អាជ្ញាធរមូលដ្ឋាន៕
ដោយ : សុខ ខេមរា