ខេត្តបន្ទាយមានជ័យ៖ ពលករដែលចាញ់បោកមេខ្យល់លួចឆ្លងដែនខុសច្បាប់រកការងារធ្វើនៅក្រៅប្រទេសជាក់ស្ដែងនៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុច ភូមិឈេីទាល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ កម្លាំងអន្តរាគមន៍វរសេនាតូចថ្មេីរជេីងលេខ៥១៣ កងពលតូចថ្មេីរជេីងលេខ៥១ សហការជាមួយកម្លាំងនគរបាលព្រំដែនគោកលេខ៨១៥ ធ្វើការឃាត់ខ្លួនពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ចំនួនសរុប ២១នាក់ ក្នុងនោះស្រី ១០នាក់ ប្រុស ១១នាក់ និងកុមារ ១នាក់។
ដោយមានការបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ ដាក់បទបញ្ជាយ៉ាងតឹងរឹង ការពារនៅតាមបន្ទាត់ព្រំដែន ក្នុងការរឹតបន្តឹងសន្តិសុខព្រំដែនទប់ស្កាត់ពលករលួចឆ្លងដែន ជាពិសេសបានចាត់តាំងកម្លាំងចុះស៊ើបអង្កេតស្វែងរកមុខសញ្ញាមេខ្យល់ ចាប់ខ្លួនបញ្ជូនឲ្យសមត្ថកិច្ចជំនាញចាត់ការតាមផ្លូវច្បាប់។ ដេីម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំអោយឆ្លងចូលជាសហគមន៍ កម្លាំងអន្តរាគមន៍កងពលតូចថ្មេីរជេីងលេខ៥១ តែងតែយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លេី ទាំង ៣ទិសក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីទិសអូរនាង ប៉ោយប៉ែត និងទិសម៉ាឡៃ សហការជាមួយកម្លាំងនៅតាមមូលដ្ឋានចេញល្បាតឆែកឆេរត្រួតពិនិត្យជាប្រចាំក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់។
ក្រោយពីឃាត់ខ្លួន បានធ្វេីការណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់កាសជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានទាំងអស់គ្នា និងបានប្រគល់ពួកគាត់អោយទៅនគរបាលព្រំដែនគោកលេខ៨១៥ សាកសួរនិងចាត់ការទៅតាមផ្លូវច្បាប់៕
ដោយ៖ វណ្ណា