អ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិក លោក John Kirby នៅថ្ងៃទី២១ខែមករា(ពេលវេលាអាមេរិក) បានប្រកាសថា អាមេរិកនឹងស្វែងរកដំណោះស្រាយរំសាយអាវុធបរមាណូទាំងស្រុងនៅឧបទ្វីបកូរ៉េ ដោយចាត់ទុកទំនាក់ទំនងការទូតជាវិធានការដ៏ល្អបំផុតសម្រាប់សម្រេចគោលដៅខាងលើ។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែត អ្នកនាំពាក្យមន្ទីរបញ្ចកោណបានបញ្ជាក់យ៉ាងច្បាស់ថា « ជាការណ៍ពិតណាស់ យើងមិនចង់ឱ្យកម្មវិធីយោធារបស់កូរ៉េខាងជើងគំរាមកំហែងដល់សម្ពន្ធមិត្តរបស់អាមេរិកក្នុងតំបន់នោះឡើយ។ ដូច្នេះយើងអំពាវនាវដល់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន អង្គុយតុពិភាក្សា»។ លោក John Kirby បានបញ្ជាក់ទៀតថា ទីក្រុងវ៉ាស៊ីនតោនចង់មើលឃើញឧបទ្វីបកូរ៉េគ្មានអាវុធបរមាណូ ។ លោកបន្តទៀតថា «យើងជឿជាក់ថា ដំណោះស្រាយការបរទេសគឺជាវិធានការល្អបំផុត ហើយយើងបានត្រៀមលក្ខណៈដោយមិនមានលក្ខខណ្ឌណាមួយឡើយ»។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ពីការបន្ទន់ឥរិយាបថរបស់អាមេរិក ក្រោយពេលកូរ៉េខាងជើងបានសាកល្បងកាំជ្រួចមីស៊ីលដល់ទៅ៤លើកក្នុងរយៈពេល២សប្តាហ៍ ដោយមានទាំងមីស៊ីលនាំផ្លូវទៀតផង។ ក្នុងពេលនេះដែរ ចិននិងរុស្ស៊ីបានទប់ស្កាត់អាមេរិកស្នើដល់អង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ក្រោយការសាកល្បងមីស៊ីលនោះ ៕ ដោយសាធី
រូបថត៖KCNA.