ចិនដាក់ទោសមន្ត្រីជិត១០០រូបដែលគ្រប់គ្រងមិនបានល្អទុកឱ្យមានគ្រោះទឹកជំនន់ទ្រង់ទ្រាយធំកាលពីឆ្នាំ២០២១

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងប៉េកាំង បានសម្រេចដាក់ទោស ពិន័យមន្ត្រីព្រមទាំងប្រធានក្រុមហ៊ុនធំៗ ប្រមាណ១០០នាក់ដែលខ្វះការទទួលខុសត្រូវទុកឱ្យមានគ្រោះទឹកជំនន់ទ្រង់ទ្រាយធំកើតឡើងនៅក្នុងខេត្ត Henan កាលពីខែកក្កដាឆ្នាំ២០២១ បំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតមនុស្សជាច្រើន។

ក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិនបានបង្ហោះសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ខ្លួនបានពិនិត្យការស៊ើបអង្កេតលើគ្រោះមហន្តរាយនេះ ហើយបានកំណត់ថា មន្ត្រីមួយចំនួននិងរដ្ឋាភិបាលខេត្តក៏ដូចជាមូលដ្ឋានបានប្រព្រឹត្តបទឧក្រិដ្ឋធ្វេសប្រហែស និងគ្មានការទទួលខុសត្រូវ។
ក្រុមប្រឹក្សារដ្ឋចិន បានបញ្ជាក់ថា មន្ត្រីមួយចំនួនក្នុងខេត្តHenan បានព្យាយាមលាក់បាំង មិនប្រកាសរបាយការណ៍ស្តីពីអ្នកស្លាប់ដល់ទៅ១៣៩នាក់បន្ថែមទៀត។ មន្ត្រីក្នុងតំបន់បានលាក់បាំងតួលេខពីអ្នកស្លាប់និងបាត់ខ្លួនក្នុងគ្រោះទឹកជំនន់នោះ ។
តាមសារព័ត៌មានស៊ីនហួបានផ្សាយថា ក្រោយការស្រាវជ្រាវ មន្ត្រីចំនួន៨៩រូបត្រូវបានពិន័យ ដោយសារតែការដោះស្រាយមានភាពទន់ខ្យោយពីគ្រោះទឹកជំនន់។ មន្ត្រីរដ្ឋាភិបាលទីក្រុងប៉េកាំងបានបញ្ជាក់ថា គ្រោះទឹកជំនន់នៅខេត្ត Henan គឺជាគ្រោះទឹកជំនន់អាក្រក់បំផុតមិនធ្លាប់មានចាប់តាំងពីចិនចាប់ផ្តើមកត់ត្រាពីគ្រោះធម្មជាតិទឹកជំនន់។
តាមសារព័ត៌មានស៊ីនហួ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២១ គ្រោះទឹកជំនន់បានសម្លាប់មនុស្សយ៉ាងតិច៣៩៨នាក់ គឺខ្ពស់ជាងតួលេខដែលបានប្រកាសពេលដំបូង ។ គ្រោះទឹកជំនន់បានប៉ះពាល់ដល់ពលរដ្ឋជាង១៤លាននាក់ ផលដំណាំជាង១លានហិកតា រងការបំផ្លាញ និងផ្ទះជាង៣ម៉ឺនខ្នងត្រូវបាក់ស្រុត៕ ដោយសាធី

...


រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print