ករណីឆ្លងកូវីដ ១៩ នៅក្នុងប្រទេសវៀតណាម បានថយចុះជាងមួយថ្ងៃមុន ដែលជាលទ្ធផលមួយដ៏ល្អ ក្រោយប្រទេសនេះបានចាក់វ៉ាក់សាំងជាង ១៧៤,៩ លានដូស ជូនពលរដ្ឋ។ ក្នុងចំណោមនោះមានអ្នកចាក់ដូសទីមួយមានជាង ៧៨,៨លានដូស និងអ្នកចាក់ដូសទីពីរជាង ៧៣,៦លានដូស ។ ជាមួយគ្នានេះចាក់ដូសជំរុញបានកើនឡើងជាង ២២,៣លានដូសផងដែរ។
ពាក់ព័ន្ធករណីឆ្លងកូវីដ ១៩ ប្រចាំថ្ងៃ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ១៤,៩៧៨ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន ២,៩៦៧ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន១៣៨ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Đà Nẵng មានចំនួន៩៨៤ករណី, ខេត្ត Hải Phòng ៧៦៤ករណី និងខេត្ត Hưng Yên ៦២៩ករណី។
ករណីឆ្លងកូវីដ ១៩ នាពេលបច្ចុប្បន្ន បានងាកទៅបែកខាងជើងនៃប្រទេសវៀតណាមវិញ ដោយកាលពីដំបូងគឺបានឆ្លងភាគច្រើននៅក្នុងតំបន់ខាងត្បូង ចាប់ពីទីក្រុងហ៊ូជីមិញដល់ខេត្តខេត្តកាម៉ាវ។
សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២,១៤១,៤២២នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៨០៤,៨៤៩នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣៦,៧១៩នាក់៕ ដោយ៖សាធី