(តពីលេខមុន)
*សម្លៀកបំពាក់ក្នុងឱកាសលៀងក្រយាហារ
ចំណែកខាងភ្ញៀវខ្មែរបុរាណក៏ប្រើពណ៌ដែរ តែមិនដូចសាម៉ីខ្លួនអ្នកការទេ គេច្រើនស្លៀកពាក់ឱ្យសមរម្យតាមកិច្ចដែលហៅថាជាមង្គលព្រោះពណ៌ទាំងឡាយក្រៅអំពីសនិងខ្មៅទុកជាពណ៌ដែលបង្កើតឡើងនៅសិរី។ បើគេពុំអាចជៀសឲ្យផុតពីសនិងខ្មៅ គេតែងតែចម្រុះលាយពណ៌គេមិនស្លៀកពាក់សសុទ្ធទេ ដ្បិតពណ៌សជាពណ៌សម្រាប់កាន់ទុក្ខឯពណ៌ខ្មៅជាពរដែលមិនរាប់ចូលក្នុងមង្គល។
ដូច្នេះបុរសគេច្រើនស្លៀកសំពត់ពណ៌ផ្សេងៗ និងពាក់អាវស។ ស្រីៗគេប្រើស្ទើរតែពណ៌ទាំងអស់គឺស្លៀកខៀន ផាមួង ហូល ពាក់អាវពណ៌លាតពណ៌ផ្កាទាំងក្រមាបង់កក៏មានពណ៌ផ្កាទៀតដែរ។
ដល់អារ្យធម៌អឺរុបចូលមកយើងយកបែបផែនគេមកប្រើជាច្រើនតាមសម័យនិយមទាំងប្រុសទាំងស្រី ឥតប្រកាន់ថាពណ៌អ្វីឡើយ តែគេត្រូវស្លៀកពាក់ឱ្យត្រឹមត្រូវតាមរបៀបខ្លួនដែលឱ្យសមជាទីគោរពដល់អ្នកសាមីខ្លួនដើមការនិងភ្ញៀវផងគ្នាគឺ÷
ក/បុរសបើរៀបខ្លួនតាមរបៀបខ្មែរគេស្លៀកសំពត់ពាក់អាវកត់កត្រង់ស្បែកជើង ស្រោមជើង ឬពណ៌ផ្សេងៗ បើគេពាក់អាវបើកកគេចងក្រវាត់ទៀត ទើបសមល្អ មិនឈ្លើយ តែបើពាក់អាវបើកកចងក្រវាត់ជើងទទេ ក៏ឈ្លើយណាស់ដែរត្រូវឲ្យមានគ្រប់ប្រដាប់ទើបល្អមើលមិនទើសភ្នែកអ្នកទាំងពួង។
ខ/តាមរបៀបអឺរ៉ុប គេស្លៀកខោជើងវែង (ខោជើងខ្លីលើក្បាលជង្គង់មិនសមរម្យទេ)អាវបិទក ស្បែកជើង ស្រោមជើងខោជើងវែង អាវបើកក ចងក្រវាត់ក៏បាន ។ តែបើពាក់អាវបើកកមិនចងក្រវាត់ ជាការមិនល្អមើលដែរ។
បើស្លៀកខោជើងវែងហើយពាក់តែអាវទ្រនាប់ទទេ គ្មានអាវក្រៅបើកកនោះចងក្រវាត់ក្តី មិនចងក្រវ៉ាត់ក្តី និងបានឈ្មោះថាមិនចុះរបៀប មិនមានគោរពដល់គ្នានឹងគ្នាក្នុងឱកាសមង្គលការ។
គ/អ្នកដែលស្គាល់របៀបគេមិនដែលរៀបខ្លួនឲ្យទាស់ទេ ខ្លះគេស្លៀកពាក់តាមសម្លៀកបំពាក់ធំផង ដែលហៅថាតឺនុយ ដឺស្វារ៉េ(Tnue de soiree)ផងគឺខោសាក្លាតខ្មៅ អាវបើកកស សឺមីដៃវែង ណឺដ៍ខ្មៅ ស្បែកជើងស្រោមជើងខ្មៅ(នេះសម្រាប់លៀងធំ)។
សូមចាំថា ស្បែកជើងសង្រែកមិនគប្បីប្រើប្រាស់ក្នុងឱកាសតែងខ្លួនទៅទទួលលៀងភោជនីយនាហារនោះសោះឡើយ។ ត្រូវពាក់ស្បែកជើងដែលឃ្លុបបាត់ជើងស្បែកខ្មៅភ្លឺរលើបជាស្បែកជើងបែបសំខាន់ណាស់សម្រាប់ពាក់ក្នុងពេលដែលរៀបខ្លួនតាមរបៀបសម្លៀកបំពាក់តឺនុយដឺស្វារ៉េ។
២.លោកអ្នកមានទុក្ខកំពុងទ្រាំទ្រទុក្ខទាំងនោះដោយមានសម្លៀកបំពាក់សសុទ្ធឬខ្មៅសុទ្ធ (សម្រាប់ស្រីៗ) ពាក់ប៉ានដៃខ្មៅនៅដៃអាវខាងឆ្វេងឬសំពត់ខ្មៅមួយបន្ទះតូច(បានអត្ថាធិប្បាយហើយក្នុងសម្លៀកបំពាក់កាន់ទុក្ខ)នៅផ្នត់ព្រលាត់អាវបើកក (សម្រាប់បុរស)ជាការកត់សម្គាល់ថាខ្លួនអ្នកមានទុក្ខនោះមិនត្រូវអញ្ជើញទៅក្នុងមង្គលការអាពាហ៍ពិពាហ៍ទេ បើថាត្រូវទៅខានមិនបាន ត្រូវចេញពីទ្រណមកាន់ទុក្ខសិនទើបគួរ ។ បើយើងមិនទាន់ចេញពីកាន់ទុក្ខទេត្រូវយើងឆ្លើយជាលាយលក្ខណ៍អក្សរទៅវិញតបនឹងសេចក្តីអញ្ជើញគេថា យើងនៅក្នុងអំឡុងកាន់ទុក្ខទៅពុំបានទេ។
មិនតែក្នុងឱកាសមង្គលការទេសូម្បីតែគេអញ្ជើញលៀងកម្សាន្តសប្បាយលោកអ្នកកាន់ទុក្ខក៏អញ្ជើញទៅពុំគួរដែរ។ ព្រោះយើងនឹងស្ដាប់ចម្រៀង ភ្លេង មើលល្ខោនឬច្រៀងរាំដោយខ្លួនឯងក្តី សញ្ញាដែលសម្គាល់ទុកនោះត្រឡប់ទៅជាក្លែងទៅវិញ។
(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត