ដើម្បីដោះស្រាយជីវភាពក្រីក្របុរស៤នាក់បានប្រើឧបករណ៍នេសាទត្រីខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បុរស៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗខណ:លួចប្រើឧបករណ៍នេសាទត្រីខុសច្បាប់ដោយប្រើក្បាលឆក់ត្រីនៅតាមដៃអូរ ព្រោះតែជីវភាពក្រលំបាក ខ្វះខាតសុខចិត្តធ្វើចំណាកស្រុកមកពីខេត្តផ្សេង មកធ្វើជាកម្មករស៉ីឈ្នួលដកដំឡូងឱ្យគេ ហើយដោយគិតថាពួកគាត់ចំណាយកម្លាំងអស់ពីសមត្ថភាពបានលុយតិចចំណាយទៅលើម្ហូបអាហារប្រចាំថ្ងៃមិនគ្រប់គ្រាន់ទើបទៅប្រព្រឹត្តអំពើខុសច្បាប់បែបនេះទៅ គឺពួកគាត់គិតខុសដោយសម្រេចចិត្តខ្ចីក្បាលឆក់និងអាគុយរបស់គេចេញទៅឆក់ត្រីនៅតាមដៃអូរតូចៗ ដោយមិនហ៊ានទៅឆក់តាមដងទន្លេទេ ព្រោះខ្លាច ហើយគិតថាក្រែងបានត្រីធ្វើម្ហូប និងអាចសល់លុយខ្លះដល់ភ្លឺសឹមមកដកដំឡូងជួយប្រពន្ធដូចសព្វមួយដងវិញ។ មានអីចំថ្ងៃស៊យជួបប្រជាសហគមន៍នេសាទ និងសមត្ថកិច្ចប៉ុស្តិ៍ចុះល្បាតស្ទាក់ឃាត់ចាប់បានយកមកសួរនាំនៅប៉ុស្តិ៍។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នេះបានធ្វើឡើងនៅវេលាម៉ោង១១ៈ៥០នាទីយប់ថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅចំណុចអូរកំបោរ ក្នុងភូមិអូររី ឃុំអូររី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ជុំវិញរឿងឃាត់ខ្លួនជនសង្ស័យ៤នាក់ខាងលើ លោកដេត ចំណាន នាយរងផ្នែកជលផលស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងដែរថា ការឃាត់ខ្លួនជនល្មើសខាងលើនេះ ក្រុមមន្ត្រីជំនាញរបស់លោកមិនបានចុះបង្ក្រាបដោយផ្ទាល់ទេ នេះជាកម្លាំងសហការរបស់ប្រជាសហគមន៍នេសាទ និងនគរបាលប៉ុស្តិ៍ឃុំអូររីនៅយប់ថ្ងៃខែខាងលើ ដោយឃើញក្រុមជនល្មើសកំពុងធ្វើសកម្មភាពឆក់ត្រីនៅចំណុចដៃអូរតូចៗក៏បានឃាត់ខ្លួនបញ្ចូនមកមន្ត្រីជំនាញនៅព្រឹកថ្ងៃទី២៣ ខែមករា និងកំពុងរៀបចំកសាងសំណុំរឿងបញ្ចូនទៅអយ្យការសាលាដំបូងខេត្តនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ ដើម្បីបន្តនីតិវិធី។
លោកដេត ចំណាន ក៏បានបន្តថា ជនសង្ស័យទាំង៤នាក់ខាងលើដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះ ១-ឈ្មោះអន ជោគជ័យ ២-ឈ្មោះអំ ផូ ៣-ឈ្មោះអេង គឹមអាន និងទី៤-ឈ្មោះតាសៅ អ្នកទាំង៤សុទ្ធតែជាអ្នកចំណាកស្រុកមកធ្វើការស៉ីឈ្នួកដកដំឡូងឱ្យគេនៅភូមិអន្លង់ក្រមួន តែមកធ្វើសកម្មភាពនៅចំណុចខាងលើនេះទៅវិញ។ ជាចុងក្រោយលោកក៏បានអំពាវវនាវ ក៏ដូចសំណូមយ៉ាងទទូចដល់អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចពាក់ព័ន្ធមេត្តាចូលរួមសហការជាមួយកម្លាំងមន្ត្រីជំនាញជលផលនេះផង ព្រោះកម្លាំងជលផលបច្ចុប្បន្ននេះមានគ្នាតិចមិនអាចធ្វើទៅបាននោះទេ ដើម្បីចូលរួមទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ និងរក្សាធនធានត្រីធម្មជាតិរបស់យើងទាំងអស់គ្នា ឲ្យគង់វង្សតកូនតចៅទៅមុខទៀត។

បើតាមការរៀបរាប់របស់ឈ្មោះអំ ឌី រស់នៅខេត្តកំពង់ចាម ត្រូវជាប្រពន្ធជនសង្ស័យបានឱ្យដឹងថា: ពួកគាត់បាននាំគ្នាចាកចេញពីស្រុកកំណើតនិងផ្ទះសម្បែងព្រោះតែជីវភាពក្រីក្រ គ្មានការងារធ្វើ បានសម្រេចចិត្តនាំគ្នាមករកស៉ីឈ្នួលដកដំឡូងឱ្យគេដើម្បីបានលុយខ្លះសម្រាប់ដោះស្រាយជីវភាព និងបានលុយទិញទឹកដោះគោឱ្យកូនបៅផង។ ប្រភពបានបន្តទៀតថា: មុនប្តីគាត់ត្រូវសមត្ថកិច្ចចាប់ខ្លួននេះ ខ្លួនគាត់ក៏អត់បានដឹងដែរទេ ។ រហូតបាត់ខ្លួនមួយយប់ក៏ឆ្ងល់ ដល់ភ្លឺឡើងទើបដឹងថា ប្តីពួកគាត់បានខ្ចីក្បាលឆក់គេទៅរកឆក់ត្រីដើម្បីដោះស្រាយម្ហូបប្រចាំថ្ងៃ ព្រោះលុយចេះតែខ្ចីតពីម្ចាស់ចម្ការដំឡូងហូបបន្តរហូតមានការខ្វះខាត។ ក្រោយបាត់ខ្លួន១យប់ហើយក៏ស្រាប់តែឮថា ប្តីពួកគាត់ត្រូវសមត្ថកិច្ចឃាត់ខ្លួនដោយប្រើប្រាស់ក្បាលឆក់ត្រីខុសច្បាប់ ធ្វើឲ្យពួកគាត់ជាប្រពន្ធស្រឡាំងកាំង និងតក់ស្លុតពេលឮដំណឹងដូច្នេះ ហើយគាត់ក៏មានកូនតូចពឹងប្តី បានជួយប្តីខ្លះៗ ឥលូវប្តីត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយពួកគាត់ពុំបានដឹងសោះថាប្តីពួកគេទៅរកត្រីប្រើឧបករណ៍ខុសច្បាប់នោះដែរ បើដឹងអ៊ីចឹងងពួកគាត់ក៏មិនឱ្យប្តីធ្វើបែបនេះដែរ។ ជាចុងក្រោយពួកគាត់ក៏បានសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធ និងប្រព័ន្ធតុលាការមេត្តាជួយសម្រួលនិងសម្រាលទោសដល់ប្តីពួកគាត់ផង ជាពិសេសលោកអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង មេត្តាជួយធ្វើអន្តរាគមន៍ដល់ប្តីពួកគាត់ឱ្យរួចផុតពីទោសទណ្ឌនេះផងចុះ។ ព្រោះប្តីពួកគាត់មិនដែលបានធ្លាប់ប្រព្រឹត្តបទល្មើសនេះទេពីមុនមក ដោយសារតែជីវភាពខ្វះខាត ទើបបង្ខំដោះស្រាយបន្ទុកជីវភាពគ្រួសារ ទើបពួកគាត់ជឿគេដែលជាអ្នកភូមិរស់នៅទីនេះថាមិនអីទេ ឆក់តាមអូរតើ ទើបធ្វើឱ្យប្តីគាត់ឈានដល់ប្រព្រឹត្តខុសច្បាប់ដូច្នេះ។ ពួកគាត់ក៏បានសន្យាថាបើបានប្តី គាត់បានចេញមកវិញនិងរួចពីបទចោទនេះ និងអប់រំប្តីឱ្យកែខ្លួន បញ្ឈប់នូវមុខរបរដែលច្បាប់ហាមឃាត់ទៀតហើយ និងប្រកបរបរអ្វីដែលសុចរិត ឈប់ប្រព្រឹត្តល្មើសច្បាប់តទៅទៀតហើយ៕

...


ដោយ:មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print