ខេត្តកំពង់ធំ ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការអនុវត្តគោលនយោបាយ «លើកកម្ពស់សមភាពយេនឌ័រ» របស់ក្រសួងទេសចរណ៍។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសណ្ឋាគារក្លរៀ ក្រុងស្ទឹងសែន ដោយមានការចូលរួមពីលោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្ត ព្រមទាំងប្រតិបត្តិករ សេវាករទេសចរណ៍ក្នុងខេត្តកំពង់ធំជាច្រើនរូប។ នេះបើយោងតាមផេកក្រសួងទេសចរណ៍បង្ហោះ នៅរសៀលថ្ងៃទី២៥ ខែមករានេះ។
ថ្លែងនៅក្នុងកិច្ចប្រជុំ លោកស្រីរដ្ឋលេខាធិការ បានលើកឡើងថា ដើម្បីចូលរួមអនុវត្តគោលនយោបាយ “សមភាពយេនឌ័រ” ដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍បានដាក់ចេញជាបន្តបន្ទាប់នូវផែនការយុទ្ធសាស្ត្របញ្ជ្រាប និងលើកកម្ពស់យេនឌ័រក្នុងវិស័យរបស់ខ្លួនស្របតាមយន្តការជាតិ ដើម្បីជំរុញការលើកកម្ពស់សិទ្ធិ តួនាទី និងបង្កើនភាពអង់អាចដល់ស្ត្រីដែលជាមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួង និងស្ត្រីដែលប្រកបមុខរបរក្នុងឧស្សាហកម្មទេសចរណ៍។
លោកស្រី រដ្ឋលេខាធិការ បានលើកបង្ហាញថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ បានចែងអំពីប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាពចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក៏ដូចជាមានសិទ្ធិជ្រើសរើសមុខរបរសមស្រប ទទួលប្រាក់បំណាច់ស្មើគ្នាចំពោះការងារដូចគ្នា និងលុបបំបាត់រាល់ទម្រង់នៃការរើសអើងគ្រប់ប្រភេទលើស្ត្រី ។ ទន្ទឹមនេះយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៤ នៅតែបន្តប្តេជ្ញាក្នុងការលើកស្ទួយស្ថានភាពស្ត្រី ដែលជាឆ្អឹងខ្នងនៃសង្គម និងសេដ្ឋកិច្ចជាតិ តាមរយៈការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ។ ដោយឡែកគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ក្នុងគោលដៅទី៣ គឺជាក្របខណ្ឌជាក់លាក់ដែលបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ជាពិសេសលើការអប់រំ ការអភិវឌ្ឍសេដ្ឋកិច្ច សេវាសាធារណៈ និងការទប់ស្កាត់អំពើហិង្សាលើស្ត្រី។
លោកស្រី រដ្ឋលេខាធិការ ក៏បានគូសរំលេចផងដែរថា បើទោះបីស្ថិតក្នុងបរិការណ៍កូវីដ-១៩ ក៏ក្រសួងទេសចរណ៍ នៅតែបន្តខិតខំតាមគ្រប់រូបភាព ដើម្បីជួយបង្កើនភាពអង់អាចដល់ស្ត្រីតាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ទាំងដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ សំដៅជួយស្ត្រីឱ្យមានទាំងជំនាញទន់ និងជំនាញរឹងស្របទៅតាមទីផ្សារការងារ និងក្លាយទៅជាអ្នកដឹកនាំនៅក្នុងអាជីវកម្ម សេវាកម្ម ព្រមទាំងត្រៀមខ្លួនសម្រាប់ការបើកឡើងវិញនៃវិស័យទេសចរណ៍។
ក្រៅពីនេះ ក្រសួងទេសចរណ៍ដែលមានមន្ទីរទេសចរណ៍ខេត្តកំពង់ធំជាសេនាធិការ ក៏បានសហការជាមួយគម្រោងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីរបស់ក្រសួងកិច្ចការនារី (PGM-WEE) តែងបានរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលដល់ស្ត្រីសហគមន៍ជាប់ជាប្រចាំ ដើម្បីលើកកម្ពស់ការយល់ដឹងក្នុងការបង្កើនភាពអង់អាចដល់ស្រ្តីជាលក្ខណៈបុគ្គល និងលក្ខណៈជាក្រុមផងដែរ។
ក្នុងន័យនេះ គោលនយោបាយ និងកម្មវិធីនានារបស់ក្រសួងនៅតែបន្តជំរុញនិងលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ និងមើលឃើញពីសក្តានុពលរបស់ស្ត្រីនៅក្នុងវិស័យមួយនេះចំពោះសេដ្ឋកិច្ចជាតិ។ ក្រសួងបានយកឱកាសនៃវិបត្តិជំងឺកូវីដ-១៩ ដើម្បីពង្រឹងគុណភាពសេវាកម្ម អនាម័យ បដិសណ្ឋារកិច្ច និងជំរុញបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីបំផុសចលនាទេសចរណ៍ក្នុងស្រុក និងត្រៀមទទួលទេសចរអន្តរជាតិសុវត្ថិភាពដែលបានចាក់វ៉ាក់សាំងរួចហើយ សំដៅធ្វើយ៉ាងណាឱ្យស្ត្រីទទួលបាននូវឱកាសការងារបន្ថែមទៀតពីវិស័យមួយនេះ៕