ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋភ្ជួរស្រែប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅសេសសលពីសម័យសង្គ្រាម ចំនួន១៨គ្រាប់បាន រាយការណ៍ជូនសមត្ថកិច្ចកាលពីវេលាម៉ោង១០និង២៣នាទីព្រឹក ថ្ងៃទី២៥ខែមករា ឆ្នាំ ២០២២ នៅខាងកើតភូមិចម្ងាយ១,០០០មែត្រឋិតនៅភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ។ លោក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថាៈប្រជាពលរដ្ឋនៅភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនផ្ទុះចំនួន១៨គ្រាប់ ខណៈទៅភ្ជួរស្រែ នៅខាងកើតភូមិចម្ងាយ១,០០០មែត្រ រួចបានរាយការណ៍ឲ្យនគរបាលប៉ុស្តិ៍ ដើម្បីមានវិធានការ បញ្ចៀសការគ្រោះថ្នាក់ ។
លោកអធិការនគរបាល ស្រុកស្វាយចេក បញ្ជាក់ថា៖ប្រជាពលរដ្ឋជាម្ចាស់ស្រែឈ្មោះ សុំាង ចាយ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ។
តាមការបំភ្លឺពីប្រជាពលរដ្ឋជាម្ចាស់ស្រែបានឲ្យដឹងថា ស្រែដែលបានភ្ជួរនោះ គាត់ធ្វើជារៀងរាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះដោយមានបំណងចង់ពង្រីកដីស្រែគាត់ឲ្យបានធំក៏បានយកត្រាក់ទ័រមកភ្ជួរវៀលដីដំបូកក្នុងស្រែ ក៏ប្រទះឃើញគ្រាប់ទាំងនោះ រួចបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍ឃុំផ្គាំដើម្បីជួយសម្រួលយកចេញពីទីតាំងងាយស្រួលពួកគាត់ប្រកបរបកសិកម្មបន្តនិងបញ្ជៀសការគ្រោះថ្នាក់ដល់អាយុជីវិតដល់ពលរដ្ឋ។ គ្រាប់យុទ្ធភ័ណ្ឌទាំងនោះមាន៖១-ប្រភេទដេកា៨២ចំនួន១៥គ្រាប់,២-ប្រភេទមីន៦៩ចំនួន១គ្រាប់,៣-ប្រភទ៦០មមចំនួន២គ្រាប់ ។បន្ទាប់នគរបាលប៉ុស្តិ៍ក៏បានផ្តល់ព័ត៌មានទៅក្រុមស៊ីម៉ាកដើម្បីពិនិត្យនិងយកទៅកំទេចចោល៕
សួមរំលឹកថាៈទីតាំងវាលស្រែឬទីទួលមួយចំនួននៅតាមបន្ទាត់ព្រំដែលនៅតែមានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសេសសលពីសម័យសង្គ្រាមនៅឡើយដូច្នេះសួមបងប្អូនពលរដ្ឋដែលធ្វើដំណើរតាមបន្ទាត់ព្រំដែន ត្រូវមានការប្រុងប្រយត្ន ជាពិសេសបងប្អូនដែលមានបំណងឆ្លងដែនទៅរកការងារក្រៅប្រទេស៕
ដោយ៖ វណ្ណា