សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជានាយក នាយករង និងប្រធាននាយកដ្ឋាននៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ ៖ ប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានអោយដឹងថា , នាព្រឹកថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជានាយកសាលា នាយករងសាលា និងប្រធាននាយកដ្ឋាននៃសាលាជាតិរដ្ឋបាលមូលដ្ឋាន «ស.ជ.រ.ម» ដែលមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

នាឱកាសនោះ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍ ជូនសម្តេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូលស្តីពីប្រវត្តិនៃការរៀបចំយន្តការអភិវឌ្ឍន៍សមត្ថភាពរបស់មន្ត្រីរាជការស៊ីវិលនៅទីស្តីការក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់ពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានោះដែរ លោក សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន «ស.ជ.រ.ម»នៃក្រសួងមហាផ្ទៃ តំណាងមន្ត្រីរាជការទើបទទួលការតែងតាំងថ្មី ដោយលោកបានសម្តែងនូវគារវកិច្ចប្រកបដោយការដឹងគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងការផ្តល់សេចក្តីទុកចិត្ត និងឱកាសដ៏ថ្លៃថ្លាក្នុងការរួមចំណែកបំពេញបេសកកម្ម និងតួនាទី ភារកិច្ចនេះ លោក សូមបេ្តជ្ញាគោរព និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំនានារបស់រដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ព្រមទាំងបេ្តជ្ញាខិតខំបំពេញបេសកកម្មរបស់ក្រសួង និងសាលាជាតិរដ្ឋបាលមូលដ្ឋាន ឱ្យមានប្រសិទ្ធភាពខ្ពស់ ប្រកដោយវិជ្ជាជីវៈ តម្លាភាព និងគណនេយ្យភាព ក្រោមការគាំទ្រ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម និងថ្នាក់ដឹកនាំដទៃទៀត។

ជាចុងបញ្ចប់សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើ ដោយសម្តេចក្រឡាហោម បានសម្តែងនូវការអបអរសាទរដល់នាយក នាយករង និងប្រធាននាយកដ្ឋាននៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលទើបតែងតាំងនៅពេលនេះ សម្តេច មានជំនឿយ៉ាងមុតមាំថានាយក នាយករង និងប្រធាននាយកដ្ឋាននៃសាលាជាតិរដ្ឋបាលមូលដ្ឋាន នឹងបន្តខិតខំប្រឹងប្រែងពង្រឹងភារកិច្ចរបស់ខ្លួនក្នុងការចូលរួមដឹកនាំ ព្រមទាំងសម្របសម្រួលការអនុវត្តការងាររបស់ក្រសួងមហាផ្ទៃ ឱ្យទទួលបានជោគជ័យបន្ថែមទៀត។

លើសពីនេះទៀត សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍ណែនាំដល់នាយក នាយករង និងប្រធាននាយកដ្ឋាននៃសាលាជាតិរដ្ឋបាលមូលដ្ឋានឱ្យខិតខំធ្វើយ៉ាងណា បំពេញ និងលើកកម្ពស់បេសកកម្មរបស់ខ្លួន ធ្វើឱ្យសាលាជាតិរដ្ឋបាលមូលដ្ឋានក្លាយជាសាលាមានលក្ខណៈទំនើប វិជ្ជាជីវៈ និងប្រកបដោយគុណភាពខ្ពស់ ដើម្បីបម្រើដល់ផលប្រយោជន៍ជូនសង្គមជាតិ ក្នុងការបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យទទួលបានចំណេះជំនាញយ៉ាងពិតប្រាកដ ប្រកបដោយសមត្ថភាពខ្ពស់។

សូមជម្រាបជូនផងដែរថា នាយក នាយករង និងប្រធាននាយកដ្ឋាននៃសាលាជាតិរដ្ឋបាលមូលដ្ឋាន«ស.ជ.រ.ម»ដែលត្រូវបានតែងតាំងនៅថ្ងៃនេះរួមមាន លោក សូ មុនីរក្សា ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ២ ជានាយកសាលាជាតិរដ្ឋបាល«ស.ជ.រ.ម» នៃក្រសួងមហាផ្ទៃ មានបុព្វសិទ្ធិស្មើអគ្គនាយក, លោកស្រី ជី ច័ន្ទរស្មី ឋានន្តរស័ក្តិ វរមន្ត្រី ថ្នាក់លេខ២ ជានាយករងសាលាជាតិរដ្ឋបាល«ស.ជ.រ.ម»មានបុព្វសិទ្ធិស្មើ អគ្គនាយករង,លោកស្រី ម៉ៅ ម៉ាលីស ឋានន្តរស័ក្តិ វរមន្ត្រី ថ្នាក់លេខ១ជាប្រធាននាយកដ្ឋានកិច្ចការទូទៅ, លោក លី ពៅមណីរ័ត្ន ឋានន្តរស័ក្តិ វរមន្ត្រី ថ្នាក់លេខ៣ជាប្រធាននាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយ, លោក ឯមតាន់ សុផានិត ឋានន្តរស័ក្តិ វរមន្ត្រី ថ្នាក់លេខ៤ជាប្រធាននាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print