នៅថ្ងៃទី២៦ ខែមករា ឥណ្ឌាបានប្រារព្ធខួបលើកទី៧៣ឆ្នាំនៃការបង្កើតសាធារណរដ្ឋ។ នៅក្នុងទិវានេះមានពិធីដង្ហែក្បួនព្យុហយាត្រានៅក្នុងមហាវិថី Rajpath ដើម្បីបង្ហាញពីកម្លាំងយោធា បច្ចេកវិទ្យា វប្បធម៌ចម្រុះ…របស់ប្រទេសនេះ ។ សន្តិសុខត្រូវបានរឹតបន្តឹងនៅក្នុងរដ្ឋធានីញូវដេលីមុនពេលរៀបចំពិធី ដោយមានកម្លាំងប៉ូលិសរាប់សិបពាន់នាក់ និងកម្លាំងទាហានផងដែរ យាមល្បាតនៅតាមទីតាំងសំខាន់ៗមានស្ថានីយរថភ្លើង រថយន្តក្រុងជាដើម។ ពិធីដង្ហែក្បួនកើតឡើង ក្នុងពេលដែលឥណ្ឌាកំពុងតែប្រឈមនឹងការឆ្លងកូវីដ-១៩បំប្លែងថ្មីអូមីក្រុង។ អ្នកដែលបានចូលរួមនៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រា បានគោរពតាមវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្នុងនោះមានពាក់ម៉ាស់ និងការចាក់វ៉ាក់សាំងគ្រប់ចំនួន។ កុមារមានអាយុចាប់ពី ១៥ឆ្នាំចុះក្រោមមិនអនុញ្ញាតឱ្យចូលរួមព្រឹត្តិការណ៍នេះឡើយ។ ពិធីដង្ហែក្បួនព្យុហយាត្រាបានចាប់ផ្តើមនៅព្រឹកថ្ងៃទី២៦ខែមករា ដោយនាយករដ្ឋមន្ត្រី Narendra Modi បានអញ្ជើញទៅកាន់ស្តូបសង្គ្រាមដើម្បីដាក់កម្រងផ្កា។ ជាមួយគ្នានេះដែរ មានយន្តហោះចម្បាំង៧៥គ្រឿងហោះហើរលើអាកាសជានិមិត្តរូបនៃឯករាជ្យ ៧៥ឆ្នាំ (១៩៤៧-២០២២)៕ ដោយសាធី
រូបថត៖india Times