ខេត្តកំពត៖ ដោយអនុវត្តតាមប្រកាសអន្តរក្រសួងលេខ៥៧៤ សហវ.ប្រក ស្តីពីកិច្ចសហការរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាកការក្លែងបន្លំ (កាំកុងត្រូល) ដែលបច្ចុន្បន្នជាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នា«ក.ប.ប.» កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ មន្ត្រីជំនាញសាខាក.ប.ប ខេត្តកំពត បានចុះសហការជាមួយសាខាគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិព្រែកចាក ត្រួតពិនិត្យគុណភាពទំនិញដែលបាននាំចូលពីប្រទេសវៀតណាម ឆ្លងកាត់ច្រកព្រំដែនព្រែកចាក ខេត្តកំពត។
ក្នុងប្រតិបត្តិការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើតេស្តស្វែងរកសារធាតុចាហួយ (CMC) និងសារធាតុគីមី Formalin ទៅលើទំនិញបង្គាស្រស់ចំនួន ០៣កេស ស្មើនឹង ៦០គីឡូក្រាម ។ លទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញពុំបានរកឃើញវត្តមានសារធាតុហាមឃាត់ទាំងនោះឡើយ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រោយពីបានរកឃើញរថយន្តដឹកគ្រឿងសមុទ្រដែលមានចាក់បញ្ចូលសារធាតុចាហួយ ( CMC) កាលពីសប្តាហ៍កន្លងទៅ មន្ត្រីសាខា ក.ប.ប. ខេត្តកំពត ក្រោមការសម្របសម្រួលដោយលោក ឈារី ម៉ារ៉ូ ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តកំពត សហការជាមួយគណៈកម្មការបង្ក្រាបបទល្មើសនាំចូលខេត្តកំពត បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យគុណភាពទំនិញ លើរថយន្តដឹកគ្រឿងសមុទ្រចំនួន ០២ឡានតូរីស រួចបញ្ជូនមកទីតាំងតំបន់សឹករងស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីឱ្យសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យ។
ជាក់ស្ដែងរថយន្តទាំង២គ្រឿងនោះមានផ្ទុក បង្គាក្លាសេ អយស្ទ័រ គ្រែងឈាម មឹកស្រស់/ក្រៀម ត្រីឆ្ពង់ និងក្តាមប្រៃ សរុបទម្ងន់ ២ ២៦៥គីឡូក្រាម ដែលជាលទ្ធផលមន្ត្រីជំនាញ ពុំបានរកឃើញវត្តមានសារធាតុចាហួយ (CMC) ឬសារធាតុគីមីហាមឃាត់ចាក់បញ្ចូល ឬលាយបន្ថែមលើទំនិញទាំងនោះឡើយ៕
ដោយ៖ស តារា