ភ្នំពេញ៖ ស្រ្តីចំណាស់ ជាជនអនាថា ម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្រោមដើមឈើនៅក្នុងវត្តជម្ពូវ័ន កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ស្ថិតសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ស្រ្តីរងគ្រោះមានឈ្មោះ ហ៊ា អាយុ៥៨ ឆ្នាំ មុខរបរ ដើរសុំទាន ស្នាក់នៅតាមចិញ្ចើមផ្លូវ ម្តុំវត្តជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមសាក្សីដែលបានឃើញហេតុការបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះដេកនៅខាងក្រោមដើមឈើអោយមានសភាពរុយរោមទើបរត់ទៅប្រាប់លោកអាចារ្យនិងយាយជីដើម្បីមកមើលខណៈមកដល់ស្រាប់តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ដោយមិនថា ស្លាប់ពេលណានោះទេ។
បើតាមយុវជន ដែលជាអ្នកសុំទានដូចគ្នា បានឲ្យដឹងថា ស្រ្តីខាងលើ ជាស្រ្តីម៉េម៉ាយ មានកូន៤នាក់ សុទ្ធតែប្រកបរបរ ដើរសុំទាន តែត្រូវបានខាងសង្គមកិច្ច ចាប់ឃាត់ខ្លួន យកទៅដាក់នៅមណ្ឌល សង្គមកិច្ចអស់ហើយ ។
តាមសម្តីក្រុមអ្នកសុំទាន បានឲ្យដឹងថា ជនរងគ្រោះ មានជម្ងឺឈឺរុាំរ៉ៃ ច្រើនឆ្នាំមកហើយ ដើរតែស្នាក់នៅ តាមចិញ្ចើមផ្លូវ ត្រដររស់បានដោយសារ ដើរសុំទាន ដោយគ្មានលទ្ធភាព មើលថែព្យាបាលជម្ងឺ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែមេសា នេះ ដេកស្លាប់តែម្តងនៅក្រោមដើមស្វាយ ក្នុងបរិវេណវត្តជម្ពូវ័ន ផ្អើលអាជ្ញាធរ ន៨ងសមត្ថកិច្ចចុះទៅពិនិត្យមើល រួចប្រគល់ឲ្យអាជ្ញាធរ គណកម្មាធិការវត្តជម្ពូវ័ន រៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ សុខាសែនជ័យ