ទាហានអ៊ុយក្រែនម្នាក់បានបើកការបាញ់ប្រហារទៅលើសន្តិសុខនៅរោងចក្រយោធា ស្ថិតនៅភាគកណ្តាលប្រទេសនេះដោយមិនមានមូលហេតុបណ្តាលឱ្យមានអ្នកស្លាប់ ៥នាក់និងរបួស៥នាក់។ នៅថ្ងៃទី២៧ ខែមករា ក្រសួងមហាផ្ទៃអ៊ុយក្រែន បានប្រកាសឱ្យដឹងថា មានមនុស្ស ៥នាក់ស្លាប់និង៥នាក់រងរបួសក្នុងការបាញ់ប្រហារនៅរោងចក្រផលិតកាំជ្រួចមីសុីលនៅក្នុងទីក្រុង Dnipro ភាគកណ្តាលប្រទេសអ៊ុយក្រែន។ ហេតុការណ៍ខាងលើកើតឡើងនៅព្រឹកថ្ងៃទី២៧ខែមករា (ពេលវេលាក្នុងតំបន់) ក្នុងពេលកម្លាំងការពារទទួលបានការផ្តល់អាវុធនៅរោងចក្រ Pivdenmash។ ជនដៃដល់ដែលជាអ្នកបាញ់ប្រហារគឺជាសមាជិកកម្លាំងការពារជាតិ ។ សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនដៃដល់បានប្រើប្រាស់កាំភ្លើងវែងបាញ់ប្រហារទៅលើមិត្តរូមការងារ ហើយក៏បានគេចខ្លួនបាត់ទៅ។ កម្លាំងសន្តិសុខបានឡោមព័ទ្ធទីតាំងខាងលើដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់។ មូលហេតុនៃការបាញ់ប្រហារគេមិនទាន់បានដឹងនៅឡើយទេ៕ ដោយសាធី
រូបថត៖aljazeera.com