ភ្នំពេញ ៖ សមាគមទេសចរណ៍អាស៊ាន (ASEANTA) បានយោបល់ថា តាមរយៈក្របខណ្ឌនៃកិច្ចព្រមព្រៀងអាស៊ានសម្រាប់ការធ្វើដំណើរតាមច្រករបៀង (ATCAF) ប្រទេសសមាជិកអាស៊ានគួរតែពង្រីកដែនអនុវត្តកិច្ចព្រមព្រៀងនេះឱ្យគ្របដណ្ដប់លើការធ្វើដំណើររបស់ភ្ញៀវទេសចរ ដើម្បីសម្រួលបន្ថែមដល់ការធ្វើដំណើរផ្ទៃក្នុងអាស៊ាន ក៏ដូចជាទាញយកអត្ថប្រយោជន៍ពីប្រភពទីផ្សារសំខាន់ៗក្រៅពីតំបន់អាស៊ាន។ នេះការបញ្ជាក់ពីផេក ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ។
ក្រសួងទេសចរណ៍ បានលើកឡើងថា, ការលើកយោបល់ដូចនេះត្រូវបានធ្វើឡើងតាមរយៈសារលិខិតរបស់លោក អេឌី គ្រីស្មីឌី សុម៉ាវីឡាហ្កា (Eddy Krismeidi Soemawilaga) ប្រធានសមាគមទេសចរណ៍អាស៊ាន ដែលបានផ្ញើមកកាន់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីសម្ដែងនូវការអរគុណចំពោះការទទួលបដិសណ្ឋារកិច្ច និងអបអរភាពជោគជ័យក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ កន្លងទៅ។
ក្រសួងទេសចរណ៍បន្តថា, នៅក្នុងសារលិខិតនោះ ប្រធានសមាគមទេសចរណ៍អាស៊ានមានសេចក្តីសោមនស្សរីករាយក្នុងការកត់សម្គាល់ និងគាំទ្រនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជំរុញការធ្វើដំណើរផ្ទៃក្នុងអាស៊ាន និងការបើកព្រំដែនសម្រាប់ទេសចរណ៍ដែលមកពីប្រទេសអាស៊ាន និងទីផ្សារសំខាន់ៗផ្សេងទៀត។
លោក អេឌី គ្រីស្មីឌី សុម៉ាវីឡាហ្កា បានបន្តថា ដើម្បីសម្រេចបាននូវប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រទេសសមាជិកអាស៊ានទាំងអស់គួរតែពិចារណាបង្កើតច្រករបៀងនានា ដែលក្នុងនោះគួរតែប្រើប្រាស់នូវក្របខណ្ឌកិច្ចព្រមព្រៀងអាស៊ានសម្រាប់ការធ្វើដំណើរតាមច្រករបៀង (ASEAN Travel Corridor Arrangement Framework, ATCAF) ដែលបានអនុម័តដោយថ្នាក់ដឹកនាំកំពូលអាស៊ានកាលពីឆ្នាំ២០២១ ខណៈដែលបច្ចុប្បន្នកំពុងអនុវត្តសម្រាប់តែការធ្វើដំណើរជាលក្ខណៈធុរកិច្ច និងចាំបាច់ប៉ុណ្ណោះ។
ប្រធានសមាគមទេសចរណ៍អាស៊ានបានលើកជាយោបល់ថា «ក្របខណ្ឌកិច្ចព្រមព្រៀងអាស៊ានសម្រាប់ការធ្វើដំណើរតាមច្រករបៀង (ATCAF) គួរតែពង្រីកទៅដល់ការធ្វើដំណើរបែបកម្សាន្ត និងការធ្វើដំណើររយៈពេលខ្លី ដើម្បីសម្រួលបន្ថែមដល់ការធ្វើដំណើរផ្ទៃក្នុងអាស៊ាន ក៏ដូចជាទាញយកអត្ថប្រយោជន៍ពីប្រភពទីផ្សារសំខាន់ៗក្រៅពីតំបន់អាស៊ាន ជាពិសេសប្រទេសដែលបានត្រៀមខ្លួនរួចរាល់ក្នុងការបើកទេសចរណ៍របស់ខ្លួន»។
បើតាមប្រធានសមាគមទេសចរណ៍អាស៊ាន ក្នុងអាណត្តិកម្ពុជាជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ កម្ពុជាគួរតែបើកមុខពិភាក្សាលើកិច្ចការនេះ ដើម្បីឈានទៅសម្រេចឱ្យបានជោគជ័យក្នុងការស្ដារវិស័យទេសចរណ៍ក្នុងតំបន់អាស៊ានឡើវិញ។
ប្រធាន ASEANTA រូបនេះបានបន្តទៀតថា ដើម្បីជាកិច្ចគាំទ្រនូវគំនិតផ្តួចផ្តើមនេះបន្ថែមទៀត កម្មវិធីសុខាភិបាលឌីជីថលដែលមានលក្ខណៈអន្តរប្រតិបត្តិការ គឺជាតម្រូវការចាំបាច់មួយក្នុងការធានានូវការធ្វើដំណើរអន្តរជាតិនៅក្នុងតំបន់អាស៊ានកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព។
សូមជម្រាបថា កិច្ចព្រមព្រៀងអាស៊ានសម្រាប់ការធ្វើដំណើរតាមច្រករបៀង (ATCAF) គឺជាកិច្ចព្រមព្រៀងមួយរបស់អាស៊ានដែលមានការយោគយល់អនុញ្ញាតឱ្យអ្នកដំណើរដែលមានធុរកិច្ចចាំបាច់ ដូចជា មន្ត្រីការទូត មន្ត្រីជំនាញ ឬអ្នកដំណើរដែលមានភារកិច្ចចាំបាច់ខ្លាំងដទៃទៀតអាចធ្វើដំណើរចេញចូលប្រទេសសមាជិកអាស៊ានបាន (មានការរឹតត្បិតការធ្វើដំណើរនេះក៏ដោយសារបញ្ហារីករាលដាលខ្លាំងនៃជំងឺកូវីដ១៩) ប៉ុន្តែមិនទាន់គ្របដណ្ដប់លើការធ្វើដំណើររបស់អ្នកទេសចរនោះឡើយ ដូច្នេះហើយទើបប្រធានសមាគមទេសចរណ៍អាស៊ានចង់ឱ្យកិច្ចព្រមព្រៀងនេះពង្រីកដែនអនុវត្តគ្រប់ដណ្ដប់លើការធ្វើដំណើររបស់អ្នកទេសចរថែមទៀត។
លោក អេឌី គ្រីស្មីឌី សុម៉ាវីឡាហ្កា ក៏បានបញ្ជាក់ដែរថា សមាគមទេសចរណ៍អាស៊ានបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រ និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីសម្រេចឲ្យបាននូវគំនិតផ្តួចផ្តើមនេះ៕