WTO ចេញសេចក្តីសម្រេច អនុញ្ញាតឱ្យចិនដំឡើងពន្ធលើទំនិញនាំចូលពីអាមេរិក

ចែករំលែក៖

អង្គការពាណិជ្ជកម្មពិភពលោក WTO បានចេញសេចក្តីសម្រេច អនុញ្ញាតឱ្យចិនដំឡើងពន្ធលើទំនិញនាំចូលពីអាមេរិក មានតម្លៃ៦៤៥លានដុល្លារក្នុងមួយឆ្នាំ ។ នេះជាសាលក្រមរបស់WTO ក្រោយពេលប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ ប្រឈមវិវាទក្នុងវិស័យពាណិជ្ជកម្មរយៈពេល១០ឆ្នាំកន្លងមក ក្នុងនោះមានទាំងការលក់បង្ខូចតម្លៃផងដែរ។ សេចក្តីសម្រេចរបស់ WTO មាន៨៧ទំព័រ បានបញ្ជាក់យ៉ាងច្បាស់ថា «ពឹងផ្អែកទៅលើទស្សនៈ និងភស្តុតាងស្តីពីការប្តឹងផ្តល់របស់ភាគីទាំងពីរក្នុងវិស័យពាណិជ្ជកម្ម យើងខ្ញុំសូមបញ្ជាក់ថា ចិនអាចដំឡើងពន្ធទៅលើទំនិញអាមេរិក ក្នុងតម្លៃសមស្របគឺ ៦៤៥,១២លានដុល្លារក្នុងមួយឆ្នាំៗ»។ ប៉ុន្តែការដែល WTO បើកភ្លើងខៀវមិនមែនមានន័យថា ចិនមានសិទ្ធិក្នុងការដំឡើងពន្ធគ្រប់មុខទំនិញនាំចូលពីអាមេរិកទាំងអស់តាមតែចិត្តនោះឡើយ។ តំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai បានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចខាងលើរបស់WTO ។ ការប្រឈមមុខតានតឹងក្នុងវិស័យពាណិជ្ជកម្មអាមេរិក-ចិន ជុំវិញការដំឡើងពន្ធចាប់ផ្តើមតាំងពីឆ្នាំ២០១២ ក្នុងពេលដែលអង្គការពាណិជ្ជកម្មពិភពលោកWTO បង្កើតគណៈកម្មការដោះស្រាយការតវ៉ា(ពាក្យបណ្តឹង) របស់ទីក្រុងប៉េកាំងដែលបានចោទអាមេរិកថាដំឡើងពន្ធមិនមានតម្លាភាពចំពោះចិន ក្នុងគោលដៅជំនួយតម្លៃផលិតផលក្នុងស្រុករបស់អាមេរិក ។ គណៈកម្មការដោះស្រាយវិវាទរបស់ WTO បានចេញសេចក្តីសម្រេច អនុញ្ញាតឱ្យចិនដំឡើងពន្ធសងសឹកអាមេរិកវិញ ។ ក្នុងពេលដំបូងចិនគ្រោងដំឡើងពន្ធទំនិញនាំចូលពីអាមេរិកក្នុងតម្លៃជាង ២,៤ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ប៉ុន្តែក្រោយមកក៏បានបន្ថយនៅសល់តែ ៧៨៨,៧៥លានដុល្លារ ។ ចំណែកអាមេរិកវិញបញ្ជាក់ការកម្រិតសមស្របដែលចិនដំឡើងពន្ធលើទំនិញអាមេរិកគឺមិនលើសពី ១០៦លានដុល្លារក្នុងមួយឆ្នាំៗនោះឡើយ៕ ដោយសាធី

...

រូបថត៖Shutterstock

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print