កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ មន្ទីរបង់តាហ្គូនអាមេរិកបានប្រកាសថា មេដឹកនាំក្រុម Khorasan អាល់កៃដា ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមដែនអាកាសរបស់កម្លាំងសម្ពន្ធមិត្តដឹកនាំដោយអាមេរិកស្ថិតនៅភាគខាងប្រទេសស៊ីរី ។
អ្នកនាំពាក្យមន្ទីរបង់តាហ្គូនលោក Jeff Davis បានថ្លែងថា ការវាយប្រហារពីលើដែនអាកាស បានសម្លាប់មេដឹកនាំក្រុមឧទ្ទាមម្នាក់ ឈ្មោះ Muhsin al-Fadhli កាលពីថ្ងៃទី១៨ ខែកក្កដា ខណៈដែលឈ្មោះនេះកំពុងធ្វើដំណើរតាមរថយន្តក្បែរតំបន់ Sarmada ប្រទេសស៊ីរី ។ ប្រភពនេះមិនបានបញ្ជាក់ទេថា តើការបាញ់ប្រហារពីលើដែនអាកាសសម្លាប់មេដឹកនាំក្រុមឧទ្ទាមម្នាក់នេះធ្វើឡើងរយៈយន្តហោះគ្មានមនុស្សបើក ឬតាមយន្តហោះចម្បាំងដែលមានមនុស្សបញ្ជានោះឡើយ។
លោក Fadhli ត្រូវគេស្គាល់ និងចាត់ទុកថាជាមេដឹកនាំក្រុមឧទ្ទាម Khorasan ដែលជាមែកធាង ឬជាសមាជិករបស់ក្រុមភេរវកម្មអាល់កៃដា ។ ឈ្មោះ Fadhli នេះបានធ្វើដំណើរពីភាគកណ្តាលតំបន់អាស៊ី និងនៅគ្រប់ទីកន្លែងក្នុងតំបន់មជ្ឈិមបូព៌ាឆ្ពោះទៅកាន់ទឹកដីស៊ីរី ក៏ត្រូវទទួលរងការវាយប្រហារពីលើដែនអាកាសសម្លាប់តែម្តងស្ថិតនៅភាគខាងលិចស៊ីរី។
មន្ត្រីបានលើកឡើងថា ក្រុម Khorasan ជាផ្នែកមួយរបស់សាខាក្រុមឧទ្ទាមអាល់កៃដានៅក្នុងប្រទេសស៊ីរី ឬជារណសិរ្សអាល់នូស្រា ។ ទោះបីយ៉ាងណាក្រុមអ្នកជំនាញបានបញ្ជាក់ថា មានការខុសគ្នាឆ្ងាយចំពោះសកម្មភាពក្រុមទាំងនេះ។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក Jeff Davis បានអះអាងថា Fadhli ជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមអាល់កៃដា ដែលស្ថិតក្នុងចំណោមមនុស្សដែលទុកចិត្តជាងគេរបស់ក្រុមអាល់កៃដា និងជាអ្នកទទួលបញ្ជាការវាយប្រហារភេរវកម្មលើអគារពាណិជ្ជកម្មពិភពលោកនៅអាមេរិកថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១។ ការស្លាប់របស់មេដឹកនាំក្រុមឧទ្ទាមម្នាក់នេះគឺជាការធ្វើឲ្យក្រុមភេរវកម្មថមថយចុះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងតំបន់ ក៏ដូចជាក្នុងសកម្មភាពប្រឆាំងទៅលើអាមេរិក និងសម្ពន្ធមិត្ត និងដៃគូផ្សេងទៀត ៕