លទ្ធផលនៃជំនួបរវាង លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង លោកស្រី Petra Sigmund អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអាល្លឺម៉ង់

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញ សេចក្តីប្រកាសព័ត៌មាន ពីលទ្ធផលនៃជំនួបរវាង លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកស្រី Petra Sigmund អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអាល្លឺម៉ង់ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។
ក្រសួង ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា, នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានទទួល លោកស្រី Petra Sigmund : អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិកនៃក្រសួងការបរទេសសហព័ន្ធអាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រីអគ្គនាយក បានរំឭកឡើងវិញនូវទំនាក់ទំនងមិត្តភាពដ៏ល្អ និងយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង កម្ពុជា និងអាល្លឺម៉ង់។ ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះការចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួមស្តីពីការពិគ្រោះយោបល់ទ្វេភាគីដោយក្រសួងការបរទេសនៃប្រទេសទាំងពីរ ក្នុង អំឡុងពេលកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ដែលនឹងក្លាយជាស្ពានបើកសក្តានុពលភាពថ្មីៗ ដើម្បីគាំទ្របន្ថែមទៀតដល់កិច្ចសហការ និងទំនាក់ទំនងសម្រាប់ផលប្រយោជន៍ទៅវិញទៅមក របស់ប្រទេស និងប្រជាជនទាំងពីរ។

អាល្លឺម៉ង់ គឺជាដៃគូពាណិជ្ជកម្មធំជាងគេមួយរបស់កម្ពុជា ក្នុងចំណោមប្រទេសសមាជិក សហភាពអឺរ៉ុប ហើយកម្ពុជាមានមោទនភាពដែលប្រទេសខ្លួនជាគោលដៅមួយក្នុងចំណោមគោលដៅ ដែលទេសចរអាល្លឺម៉ង់ពេញចិត្តបំផុត។ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រី អគ្គនាយក មានទស្សនៈដូចគ្នាថា ប្រទេសទាំងពីរនៅមានឱកាសប្រកបដោយសក្តានុពលសម្រាប់ បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនទ្វេរដងដើម្បីបង្កើនទំហំពាណិជ្ជកម្មបន្ថែមទៀត។

លោក ប្រាក់ សុខុន ក៏បានឆ្លៀតយកឱកាសនោះថ្លែងអំណរគុណដល់រដ្ឋាភិបាលសហព័ន្ធន និងប្រជាជនអាល្លឺម៉ង់ ចំពោះជំនួយសប្បុរសធម៌ដល់ផែនការឆ្លើយតបបន្ទាន់ទៅនឹងជំងឺកូវីដ-១៩ (Covid-19 Emergency Response Plan) របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទឹកប្រាក់សរុប ជាង១៤លានអឺរ៉ូ (ប្រមាណ១៧លានដុល្លារអាមេរិក) និងការបន្តរួមវិភាគទានដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា លើវិស័យជាច្រើនមានជាអាទិ៍ វិស័យអប់រំ វប្បធម៌ ការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រថាមពល ការបោសសម្អាតមីន អភិបាលកិច្ចល្អ ការធ្វើវិមជ្ឈការ កំណែទម្រង់ដីធ្លី ។

ចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា និងវិបត្តិដែលកំពុងបន្តកើតមាននៅក្នុងប្រទេស មីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនលោកស្រី Petra Sigmund អំពីអាទិភាពនានារបស់កម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ និងអំពីការប្រឈមសំខាន់ៗដែល អាស៊ានកំពុងជួបប្រទះនាពេលបច្ចុប្បន្ន និងបានជម្រាបជូនដោយសង្ខេបអំពីលទ្ធផលនៃដំណើរ ទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី០៧ ០៨ ខែមករា ឆ្នាំ២០២២។ លទ្ធផលសំខាន់ៗដែលសម្រេចបាន ត្រូវបានស្ដែងចេញតាមរយៈការ ប្តេជ្ញាចិត្តពីភាគីយោធាក្នុងការពន្យារបទឈប់បាញ់រហូតដល់ដំណាច់ឆ្នាំ២០២២ ជាមួយក្តីសង្ឈឹម ដើម្បីបញ្ចប់សកម្មភាពហិង្សា គាំទ្រប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ដើម្បីអនុវត្ត កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន (SPC) សម្របសម្រួលការដឹកជញ្ជូនជំនួយមនុស្សធម៌ ប្រកបដោយបរិយាប័ន្ន និងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពិចារណាឡើងវិញលើរឿងក្តី របស់សាស្ត្រាចារ្យជនជាតិអូស្ត្រាលី ឈ្មោះ សៀន ធឺរណែល (Sean Turnell) នៅពេលដែល ដំណើរការតុលាការបានបញ្ចប់។ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាមាន គោលបំណងតែមួយគត់ គឺដើម្បីជួយប្រទេសមីយ៉ាន់ម៉ាឱ្យត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ បញ្ចប់អំពើហិង្សា និងសម្រេចបាននូវសន្តិភាព និងការបង្រួបបង្រួមជាតិយូរអង្វែង ហើយដើម្បី សម្រេចគោលបំណងនេះបានត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដោយខ្វះមិនបាន នៅក្នុងដំណើរការនៃកិច្ចចរចា។ លើសពីនេះ លោក ប្រាក់ សុខុន បានបញ្ជាក់ថា ដំណើរ ទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺដើម្បីទម្លាយភាពជាប់គាំង សម្រាប់វឌ្ឍនភាពមួយជំហានម្ដងៗ ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន (5PC) ប៉ុន្តែទោះបីជាណាក៏ដោយ ដំណើរការសន្តិភាពណាមួយត្រូវតែដឹកនាំដោយមីយ៉ាន់ម៉ា និងជារបស់មីយ៉ាន់ម៉ា។

លោកស្រី Petra) Sigmund បានអបអរសាទរកម្ពុជាដែលបានទទួលតួនាទីជាប្រធាន អាស៊ាន និងការតែងតាំង លោក ប្រាក់ សុខុន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពី មីយ៉ាន់ម៉ា។ លោកស្រី បានអះអាងជាថ្មីអំពីការគាំទ្ររបស់អាល្លឺម៉ង់ចំពោះកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ប្រាំចំណុចរបស់អាស៊ាន (5PC) និងអំពីការត្រៀមលក្ខណៈរួចរាល់ដើម្បីធ្វើការជាមួយកម្ពុជា។

លោកស្រី Petra Sigmund ក៏បានជម្រាបជូន លោកឧបនាយករដ្ឋមន្រ្តី ផងដែរថា «រដ្ឋមន្ត្រីការបរទេសរបស់យើងខ្ញុំ មានសេចក្តីសោមនស្សរីករាយក្នុងការជួបពិភាក្សាការងារជាមួយ លោកផ្ទាល់ និងបានគូសបញ្ជាក់អំពីគោលបំណងរបស់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ក្នុងការ អញ្ជើញ លោក ប្រាក់ សុខុន ទៅបំពេញទស្សនកិច្ចផ្លូវការនៅសហព័ន្ធអាល្លឺម៉ង់ ក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមទៅកាន់តំបន់អឺរ៉ុប នាខែក្រោយនេះ។
កិច្ចប្រជុំបានបញ្ចប់ទៅក្នុងបរិយាកាសប្រកបដោយការយោគយល់គ្នាទៅវិញទៅមក៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print