ខេត្តសៀមរាប : «ចម្ការតាង៉ែនជើងភ្នំគូលែន»៖ ក្តីសង្ឃឹមថ្មីនៃការងើបឡើងវិញខាងផ្នែកកសិទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី! លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានថ្លែងបែបនេះនៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។
លោកអភិបាលស្រុក បានលើកឡើងថា, ឆ្នាំនេះជាឆ្នាំទី២ហើយ ដែលចម្ការតាង៉ែនរបស់មីងសំណាងបានស្ម័គ្រចិត្តសហការជាមួយរដ្ឋបាលស្រុក អនុញ្ញាតឱ្យភ្ញៀវទេសចរ អាចដើរលេងកម្សាន្តនៅក្នុងចម្ការ កាច់យកពីដើមផ្ទាល់ដោយខ្លួនឯង និងអាចបេះហូបមួយចម្អែតបានដោយឥតគិតថ្លៃបន្ថែម ហើយទីតាំងចម្ការទៀតសោត ក៏មានការរៀបចំបែបជារមណីយដ្ឋាន ដែលផ្តល់បដិសណ្ឋារកិច្ចដល់អ្នកទេសចរមកលេងក្នុងចម្ការ ព្រមទាំងបានជ្រើសរើសយកពេលវេលាប្រមូលផលឱ្យចំនឹងថ្ងៃបុណ្យចូលឆ្នាំចិនតែម្តង។ ការរៀបចំក្នុងទម្រង់បែបនេះត្រូវបានធ្វើឡើងក្នុងគោលបំណងចូលរួមជំរុញឱ្យមានការរីកចម្រើន និងបង្កើនភាពទាក់ទាញខាងផ្នែកកសិទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី ដែលនឹងបង្កើតឱ្យមានឧត្តមានុភាពថ្មីនៃចក្ខុវិស័យជា«ដែនដីកសិទេសចរណ៍»ដ៏គួរឱ្យទាក់ទាញមួយនៅក្នុងពេលអនាគត។
លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរម្លឹកថា, តោះ! ទៅលេងដល់ចម្ការផ្ទាល់តែម្តង! ធានាថាផ្អែមមុត ឈ្ងុយឆ្ងាញ់ ស្រស់ថ្មីពីធម្មជាតិ! តម្លៃពិសេសត្រឹមតែ៥០០០រៀលក្នុងមួយគីឡូ ហើយដើមតាង៉ែនទាំងនេះមិនមានបាញ់ថ្នាំគីមីឡើយ មានសុវត្ថិភាព១០០% សម្រាប់ការបេះហូបភ្លាមៗពីដើមផ្ទាល់ តែមានលក្ខខណ្ឌតម្រូវឱ្យទិញចាប់ពី១០គីឡូឡើងទៅ ទើបអាចធ្វើដូច្នេះបាន (ព្រោះខ្លាចដើរហូបឆ្អែតហើយ ទិញតែកន្លះគីឡូ )។
លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បញ្ជាក់ថា, ទីតាំង៖ ជើងភ្នំគូលែន ចូលតាមច្រកផ្លូវវត្តស្គន់ ក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប (https://goo.gl/maps/McH6wBf84a3TSDte6)
ម្ចាស់ចម្ការ៖ មីងសំណាង (085 406 668 / 097 8282 897) #កសិទេសចរណ៍ | លោកថ្លែងពាក្យស្លោកថា, “#តាង៉ែនបន្ទាយស្រី | #ទៅលេងបន្ទាយស្រី” ៕
ដោយ : សិលា