ភ្នំពេញ ៖ បុរសម្នាក់បើកឡំប្រឺតាមួយគ្រឿងបុកចូលមន្ទីរសម្រាកព្យាបាល និងសម្ភព មនោរម្យ ត្រូវបានសន្តិសុខយាមនៅមន្ទីរពេទ្យចាប់ចងស្លាបសេក ភ្ជាប់ជាមួយម៉ូតូកង់បីឥណ្ឌា បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩ យប់ថ្ងៃទី៣១ ខែមករាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ៣៧១(សឡា) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមការរៀបរាប់ពីសន្តិសុខ យាមនៅមន្ទីរពេទ្យខាងលេីបានឲ្យដឹងថា មុនកើតហេតុបុរសដែលបើកឡំប្រឺតាពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HY-3345មានចេតនាបើក បុកចូលមន្ទីរពេទ្យ២លើកមកហើយ ដោយលើកទី១ មិនបានបញ្ជាក់ពីថ្ងៃខែឆ្នាំ នេះទេ លុះលើកទី២នៅម៉ោងកើតហេតុខាងលើ ខណៈដែលបុរសបើកឡំប្រឺតាខាងលើឈប់នៅមុខមន្ទីរពេទ្យ ទិសដៅពីកើតទៅលិចស្រាប់តែបើកបុកចូលអាហាដ្ឋានរបស់មន្ទីរពេទ្យបណ្ដាលឱ្យបែកទ្វារកញ្ចក់និងរងការខូចខាតសម្ភារៈមួយចំនួន ភ្លាមនោះរូបគាត់ជាសន្តិសុខដែលយាមនិងមើលការខុសនៅមន្ទីរពេទ្យឃើញមានដបសាំង១ដបនៅលើឡំប្រឺតា ទេីបគាត់ខ្លាចអ្នកបើកបរ យកសាំងនោះមកចាក់ដុតមន្ទីរពេទ្យ ទើបរូបគាត់យកក្រណាត់ស មកចងអ្នកបើកបរភ្ជាប់នឹងឡំប្រឺតាតែម្តង។
បើតាមការរៀបរាប់ពីបុរសជាអ្នកបើកបរឡំប្រឺតាបានប្រាប់ថា រូបគាត់គ្មានបំណងបើកបុកមន្ទីរពេទ្យនោះទេដោយសារឡំប្រឺតារបស់គាត់ជាប់ហ្គា ទើបបុកចូលមន្ទីរពេទ្យនោះទៅ បន្ទាប់មកត្រូវសន្តិសុខយាមនៅមន្ទីរពេទ្យចាប់រូបគាត់និងបានប្រើហិង្សាទៅលើរូបគាត់ចាប់ចងស្លាបសេកជាប់ជាមួយឡំប្រឺតារបស់គាត់តែម្ដង ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍។
ក្រោយមក ភាគីទាំងពីរត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីដោះស្រាយគ្នាទៅតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ