ស្វែងយល់អំពីទំនៀមទំលាប់ និងប្រពៃណីខ្មែរ

ចែករំលែក៖

(តពីលេខមុន)……
*ភ្ញៀវនិងម្ចាស់ផ្ទះ
សាច់សាលោហិត មិត្តសម្លាញ់ជិតឆ្ងាយនិងព្រាងលៀន ដែលទៅលេងសួរសុខទុក្ខបងប្អូនមិត្តសម្លាញ់ព្រៀងលានផងគ្នានេះទុកជាភ្ញៀវស្និទ្ធស្នាលជិតដិតនឹងគ្នា។ គប្បីទទួលរាក់ទាក់តាមយើងធ្លាប់រាប់អានគ្នាទាំងសងខាងតែងរវាំងកុំឲ្យលើសហួសប្រមាណ គឺប្រយ័ត្នកាយនិងវាចាកុំឲ្យជ្រុលពេកក្នុងការស្និទ្ធស្នាល។
ចំណែកភ្ញៀវដទៃឯទៀត ត្រូវកាន់គារវកិច្ចឲ្យបរិបូណ៌ចំពោះអ្នកផ្ទះ។ឯអ្នកផ្ទះវិញសោតក៏ត្រូវគោរពតបវិញឲ្យពេញលេញចំពោះភ្ញៀវ។
នៅផ្ទះយើងគប្បីស្លៀកពាក់ឲ្ុសមរម្យជាភាពកណ្ដាលល្មមនឹងទទួលភ្ញៀវដែលមកលេងផង។មិនចាំបាច់ផ្លាស់ប្ដូរសម្លៀកបំពាក់ជាថ្មីទៀតទេ តែមិនមែនតែងខ្លួនឲ្យល្អឆើតឆាយដូចជាទៅមើលល្ខោនឬ បុណ្យទានទេ។
អ្នកជាភ្ញៀវអញ្ជើញទៅរកលោកអ្នកឃុំក្តី តូចជាងក្តី ស្មើគ្នាក្តី ទៅដល់ហើយ ត្រូវគោះទ្វារផ្ទះឲ្យល្អឮដល់អ្នកនៅខាងក្នុង។បើយើងគ្មានជួបប្រទះនឹងមនុស្សណាម្នាក់សោះនៅមុខផ្ទះ បើគោះទ្វារម្ដងហើយគ្មានគេបើកទ្វារឱ្យត្រូវបង្អង់ចាំមើលសិន ។ បានមួយស្របក់សឹមគោះទ្វារម្ដងទៀត។ បើនៅតែគ្មានគេបើកទ្វារឱ្យឬមានមនុស្សនៅផ្ទះនោះចេញមកប្រាប់ថាម្ចាស់ផ្ទះមិននៅទេ។យើងត្រូវផ្ដាំនឹងអ្នកនោះថា យើងនាមជានេះធ្វើការជានោះក្នុងក្រសួងនោះមករកឬមួយផ្ញើនាមប័ណ្ណមួយសន្លឹកទុកជូន។ បើយើងមានគ្នាច្រើនត្រូវទុកមួយសន្លឹកម្នាក់ៗ។
ភ្ញៀវនោះចូលទៅក្នុងបន្ទប់ដែលគេសម្រាប់ទទួល យើងត្រូវទុកមួកអាវភ្លៀងដំបងនៅរបៀងផ្ទះខាងក្រៅបន្ទប់ ឬនៅបន្ទប់តូចមួយដែលគេសម្រាប់ទទួលទុករបស់ទាំងនោះចាំសំុចូលទៅ។ បើរបៀបស្រុកអឺរ៉ុប ស្រ្តីដែលពាក់មួកមិនដោះចេញទេ គេត្រូវពាក់ចូលទៅអង្គុយទាំងមួកនៅលើក្បាល។
សាសន៍ដទៃខ្លះដូចជាចាម ជ្វាអារ៉ាប់ ភូមា វៀតណាម គេធ្លាប់ពាក់កាតឹប គេមានឆ្នួតក្បាលជាទម្លាប់ធំ ជាប្រដាប់សម្រាប់គោរពធំនោះ ទោះបីចូលក្រាបបង្គំគាល់ព្រះមហាក្សត្រក៏គេពុំដែលដោះចេញដែរ។
ភ្ញៀវមិនត្រូវកាន់ដំបងចូលទៅក្នុងផ្ទះគេទេ តែបើជានោះជាជនពិការ ឬចាស់ជរាត្រូវការដំបងសម្រាប់ទប់ខ្លួនឲ្យបានស្រួលជាចាំបាច់ អាចនឹងកាន់ដំបងចូលទៅដល់ទីអង្គុយបាន។
អ្នកម្ចាស់ផ្ទះមិនត្រូវទុកឲ្យភ្ញៀវឈរចាំនៅខាងក្រៅទ្វារបន្ទប់យូរពេកទេ។ កាលណាឮសូរគោះទ្វារហើយ ត្រូវរវៀសរវៃចេញទៅបើកទ្វារទទួលភ្ញៀវ ហើយអញ្ជើញចូលមកក្នុងកន្លែងដែលសម្រាប់ទទួលភ្ញៀវ។ បើយើងចេញភ្លាមដោយរួសរាន់ពុំបានទេ ត្រូវឱ្យអ្នកបម្រើចេញទៅបើកទ្វារហើយអញ្ជើញភ្ញៀវចូលមកដោយគារវកិច្ចតាមសមគួរ។ត្រូវបង្គាប់អ្នកបម្រើឲ្យជំរាបភ្ញៀវថា “លោកខ្ញុំឬអ្នកខ្ញុំកំពុងរវល់ជាប់ដៃឱ្យសុំទោសលោកអ្នកសូមអញ្ជើញរង់ចាំបន្តិច” ហើយអ្នកបម្រើនោះត្រូវអញ្ជើញភ្ញៀវឲ្យចូលអង្គុយនៅកៅអីនាបន្ទប់នោះតាមសមគួរ។
(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print