ថៃបានចាប់ផ្តើមអនុវត្តកម្មវិធីលើកលែងការធ្វើចត្តាឡីស័កសម្រាប់អ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន ។ គោលដៅខាងលើដើម្បីដំណើរការវិស័យទេសចរណ៍ដែលជាប្រភពចំណូលសំខាន់របស់ជាតិ ស្មើនឹង២០% នៃGDP របស់ថៃ។ ការបើកទ្វារវិស័យទេសចរណ៍លើកលែងការធ្វើចត្តាឡីស័កលើកនេះមានភាពទូលំទូលាយជាងពេលមុន។ ក្នុងពេលចាប់ផ្តើមបើកវិស័យទេសចរណ៍កាលពីខែវិច្ឆិកា ថៃអនុញ្ញាតឱ្យអ្នកទេសចរមកពី ៦៣ប្រទេសប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងរួចរាល់។ ប៉ុន្តែកម្មវិធីនោះបានបិទទៅវិញនៅថ្ងៃទី២២ខែធ្នូឆ្នាំ ២០២១ ក្រោយពីមានករណីឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង។ ពាក់ព័ន្ធនឹងករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសថៃវិញក្រសួងសុខាភិបាលថៃនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨,៥៨៧ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ មានអ្នកជំងឺចំនួន២២នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា ខណៈដែលអ្នកជំងឺចំនួន ៨,៤៨៥នាក់ផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ មកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន២,៤៥៦,៥៥១ករណី ក្នុងនោះមានអ្នកស្លាប់ ២២,២១០នាក់ និងអ្នកជាសះស្បើយឡើងវិញគឺជាង ២.៣៥លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃត្រូវបានគេគណនាថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១១៥.៧លានដូស ក្នុងនោះប្រជាជន ៤៨.២៦លាននាក់ (៦៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ដោយសាធី
រូបថត៖Getty Images