ខេត្តស្ទឹងត្រែង៖ សត្វផ្សោតនៅអន្លង់កោះឈើទាលមួយក្បាលមានប្រវែងប្រមាណជាង២ម៉ែត្រ និងមានស្ថានភាពស្គមស្គាំងកាន់តែខ្លាំងទៅ ហើយប្រជាសហគមន៍កំពុងតាមដានដើម្បីរកវិធីជួយសង្គ្រោះវា ដោយសារតែកន្ទុយរបស់វាជាប់មងចូលក្នុងសាច់ក្លាយទៅជាដំបៅចង់រលួយទីហើយនោះ តែការជួយនេះមិនអាចធ្វើបានទេ ព្រោះពួកគាត់ខ្វះនូវបច្ចេកទេស វិធីសាស្ត្រនិងមធ្យោបាយដើម្បីជួយសង្គ្រោះវា។
ក្នុងសកម្មភាពតាមដាននិងជួយសង្គ្រោះសត្វផ្សោតខាងលើគឺនៅអន្លង់កោះឈើទាល ស្ថិតក្នុងភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ លោកផយ វណ្ណា សមាជិកសហគមន៍អេកូទេសចរណ៍ផ្សោត ឃុំព្រះរំកិលបានបញ្ជាក់ថា សត្វផ្សោតមួយក្បាលនេះ ប្រឈមនឹងការស្លាប់ក្នុងពេលដ៏ខ្លីខាងមុខ ដោយសារតែកន្ទុយរបស់វាជាប់មងហែលរកចាប់ចំណីមិនបាន ហើយពេលតាមដានពិនិត្យជាក់ស្តែងគឺខ្លួនវាមានដំបៅ និងមានស្ថានភាពស្គមស្គាំងខ្លាំងណាស់។
លោកបន្តថា នៅអន្លង់កោះឈើទាលនេះបច្ចុប្បន្នសត្វផ្សោតនៅសល់តែមួយក្បាលនេះទេ ដូច្នេះប្រជាសហគមន៍ទទូចសុំដល់មន្ត្រីជំនាញផ្នែកជលផល និងអង្គការWWS ជួយរកមធ្យោបាយសង្គ្រោះជីវិតវាផង ព្រោះវាកំពុងតែហែលមករកមនុស្សឱ្យជួយវា ដើម្បីឱ្យរួចផុតពីសេចក្តីស្លាប់។
លោករស់ វាសនា ជាភ្ញៀវទេសចរមកពី ស្រុកសន្ទុក ខេត្តកំពុងធំ បានសម្ដែងនូវការព្រួយបារម្ភ និងសោកស្ដាយជាពន់ពេក ព្រោះសត្វផ្សោតដ៏កម្រនេះ មានតែនៅសល់តែមួយក្បាល ហើយវារស់នៅក្នុងទន្លេមេគង្គលើតែប៉ុណ្ណោះ។ភ្ញៀវទេសចរក៏កំពុងពេញនិយមជិះទូកទស្សនាវាហែលលេងទៅវិញទៅមក ដែលជាចំណែកមួយធ្វើឱ្យកើនប្រាក់ចំណូលជួយដល់ពលរដ្ឋយើងក្នុងតំបន់នេះ និងបម្រើឱ្យវិស័យទេសចរណ៍ធម្មជាតិសម្រាប់ឱ្យភ្ញៀវទេសចរមកទស្សនាកម្សាន្ត។
ចំណែកលោកអ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ក៏បានឲ្យដឹងនៅថ្ងៃទី៣ ខែកុម្ភ:នេះដែរថា: ករណីសត្វផ្សោតមួយក្បាលដែលរងរបួសនេះ គឺដោយសារតែខាងភាគីឡាវនៅជិតតំបន់អន្លង់អភិរក្សសត្វផ្សោតមិនបានចូលរួមអភិរក្សថែរក្សា និងជួយការពារគ្នានោះ ចេះតែមកដាក់មងដើម្បីផលប្រយោជន៍ ដោយមិនគិតពីផលប៉ះពាល់មកដល់សត្វផ្សោតឡើយ ក្នុងភូមិសាស្ត្រទន្លេមេគង្គដែលជាអន្លង់អភិរក្សសត្វផ្សោតនៅជាប់គ្នា។
លោកបន្តថា ករណីសត្វផ្សោតរងរបួសដោយសារជាប់មងនេះ លោកនឹងធ្វើរបាយការណ៍ដាក់ជូនទៅមន្ត្រីជំនាញពាក់ព័ន្ធ និងទៅរដ្ឋបាលជលផល ព្រមទាំងសុំគោលការណ៍ពីលោកអភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង ដើម្បីស្វែងរកដំណោះស្រាយ និងជួយសង្គ្រោះវា តែការទទួលបានលទ្ធផលយ៉ាងណានោះ លោកថានៅមិនទាន់ដឹងនៅឡើយទេ។
សូមបញ្ជាក់ថា: សត្វផ្សោតនេះទី១វាអាចស្លាប់បាននៅពេលវាអត់ចំណីយូរ ដោយសារតែកន្ទុយវាកំពុងជាប់មង រកចាប់ត្រីស៊ីជាចំណីមិនបាន, ទី២អាចធ្វើឱ្យវាស្លាប់បាននៅពេលដែលមងនោះពេលវាហែលទៅទាក់ជាប់នឹងឫសឈើ ឬរបាក់ថ្មបាតទន្លេនៅពេលណាមួយ ដែលវាហែលងើបយកដង្ហើមមិនបាន បើអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញមិនសហការគ្នា ប្រញាប់រិះរកមធ្យោបាយដើម្បីជួយសង្គ្រោះវាឱ្យទាន់ពេលវេលាទេនោះ សត្វផ្សោតមួយក្បាលដែលនៅសល់នេះនិងងាប់ផុតពូជនាពេលដ៏ខ្លីខាងមុខនេះជាក់ជាពុំខាន៕
ដោយ:មាស សុផាត