ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានស្នើដល់ពលរដ្ឋដែលធ្វើតេស្តដោយខ្លួនឯងឃើញផ្ទុកជំងឺកូវីដ-១៩ឱ្យរាយការណ៍ទៅអាជ្ញាធរដើម្បីឱ្យក្រុមគ្រូពេទ្យចុះយកសំណាក វាយតម្លៃស្ថានភាពអ្នកជំងឺ និងទីតាំងផ្ទះមុននឹងអនុញ្ញាតឱ្យអាចព្យាបាលនៅផ្ទះបានឬត្រូវទៅមន្ទីរពេទ្យ។ ចំពោះការលាក់លៀម អាជ្ញាធររាជធានីព្រមានចាត់វិធានការច្បាប់លើអ្នកដែលមិនព្រមរាយការណ៍ជូនមន្ត្រីសុខាភិបាល ឬអាជ្ញាធរមូលដ្ឋានអំពីករណីវិជ្ជមានកូវីដ-១៩របស់ខ្លួន។
សូមបញ្ជាក់ថា, ក្នុងសេចក្ដីណែនាំបន្ថែម ស្ដីពីការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានបញ្ជាក់ថាការអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះបានគឺទៅលើអ្នកជំងឺកូវីដ-១៩ រួមទាំងមេរោគបំប្លែងថ្មី អូមីក្រុង ដែលមានអាការៈស្រាល គ្មានរោគសញ្ញា និងគ្មានកត្តាប្រឈម និងត្រូវយល់ព្រមឱ្យអាជ្ញាធរដាក់សញ្ញាសម្គាល់នៅមុខផ្ទះផងដែរ។
អាជ្ញាធររាជធានីភ្នំពេញ ព្រមានចាត់វិធានការផ្លូវច្បាប់លើអ្នកដែលគេចវេសចំពោះការមិនរាយការណ៍ដោយព្យាយាមព្យាបាលជំងឺកូវីដ-១៩ដោយខ្លួនឯងនៅផ្ទះ។ និងស្នើដល់ពលរដ្ឋរស់នៅជិតខាងឱ្យរាយការណ៍ពីករណីសង្ស័យមកកាន់អាជ្ញាធរផងដែរ។
ក្នុងសេចក្ដីណែនាំនោះបន្ថែមថា៖ «រដ្ឋបាលរាជធានីភ្នំពេញ លើកទឹកចិត្ត និងស្នើសុំឱ្យប្រជាពលរដ្ឋដែលមានលំនៅឋានរស់នៅក្បែរខាងទីតាំងផ្ទះរបស់បុគ្គល ដែលសង្ស័យថាមានអ្នកជំងឺកូវីដ-១៩ កំពុងលួចលាក់សម្រាកព្យាបាលដោយខ្លួនឯងដោយគ្មានការវាយតម្លៃ និងការអនុញ្ញាតពីមន្ត្រីសុខាភិបាល ឬអាជ្ញាធរមូលដ្ឋានទេនោះត្រូវរាយការណ៍ជាបន្ទាន់មករដ្ឋបាលរាជធានីភ្នំពេញ ឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ហើយរដ្ឋបាលរាជធានីភ្នំពេញ នឹងធានារក្សាការសម្ងាត់ជូន ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានចាត់វិធានការ បានទាន់ពេលវេលាចៀសវាងការចម្លងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង ទៅក្នុងមូលដ្ឋានភូមិសង្កាត់ដែលខ្លួនកំពុងរស់នៅ» ។
សូមជម្រាបថា, យោងតាមមាត្រា១០ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត អ្នកដែលមិនគោរពវិធានការរដ្ឋបាលនឹងត្រូវទទួលពិន័យជាទឹកប្រាក់ពី១លាន ដល់៥លាន និងកើនឡើងរហូតដល់២០លានរៀលកាលបើអំពើនោះធ្ងន់ធ្ងរដល់សុខភាពសាធារណ បូកជាមួយនឹងការផ្តន្ទាទោសដល់៥ឆ្នាំ។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤៦នាក់ (ឆ្លងសហគមន៌: ៤១ នាំចូល: ៥ នាក់) និងមានជាសះស្បេីយ ៩២ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១២១៤៨៤ នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១១៧៨២០ នាក់ និង ស្លាប់ថ្មី ០នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) សរុបស្លាប់ ៣០១៥នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2801676 ស្មេីនឹង 165779 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115។
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,០៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៥៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៩៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១០៦,៣៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៩,៧៣% ៕
ដោយ : សិលា