លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រាប់កងទ័ព និងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់នៅពេលមានកិច្ចប្រជុំផ្សេងៗ គ្រាកម្ពុជា ធ្វើជាប្រធានអាស៊ាន

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានណែនាំដល់បណ្ដាកងឯកភាពទ័ព ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាតិ និងអន្ដរជាតិ នៅពេលចូលរួមកិច្ចប្រជុំផ្សេងៗ គ្រាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២២។ នេះបើយោងតាមការបង្ហោះលើផេក (Young Leadership Foundation Cambodia) នៅថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០២២។

ការដាក់បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលសកម្មភាពការងារយោធា-សន្តិសុខ ឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។

បន្ថែមពីការណែនាំឲ្យត្រៀមលក្ខណៈការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងគ្រាដែលកម្ពុជាធ្វើជាប្រធានអាស៊ានហើយនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានឲ្យត្រៀមលក្ខណៈដើម្បីការពារដំណើរការឃោសនា និងការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នាពេលខាងមុខនេះផងដែរ។

បន្ថែមពីនេះ លោកក៏បានឲ្យត្រៀមបម្រុងកម្លាំង មធ្យោបាយ និង សម្ភារ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ ព្រមទាំងការបន្តការយកចិត្តទុកដាក់គិតគូរលើកស្ទួយជីវភាព និងសម្រួលដោះស្រាយការលំបាកផ្សេងៗ របស់គ្រួសារយោធិន និងអតីតយុទ្ធជន តាមរយៈសកម្មភាពមួយចំនួនដូចជា ការផ្តល់នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចាំបាច់នានា និងការស្វែងទីផ្សាសម្រាប់ផលិតផលដែលគ្រួសារយោធិន និងអតីតយុទ្ធជនផលិតបាន ជាដើម។

លោក ហ៊ុន ម៉ាណែត ក៏មិនភ្លេចឲ្យបណ្ដាកងឯកភាពចំណុះទាំងអស់ ត្រូវបន្តចូលរួមអនុវត្តវិធានការសុខាភិបាល «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជាប់ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងអង្គភាព ជាពិសេសនៅចំពោះមុខប្រភេទមេរោគកូវីដ-១៩ បំប្លែងថ្មីៗនានាដែលអាចកើតមានឡើងជាបន្តបន្ទាប់។

លោកបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី កម្ពុជាអាចគ្រប់គ្រងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បានល្អប្រសើរ ដែលជោគជ័យនេះបានមកពីការចូលរួមចំណែកយ៉ាងសកម្មរបស់ កងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែក របស់កងទ័ពជើងគោក ក្នុងនាមជាកម្លាំងស្នូលមួយនៅក្នុងប្រតិបត្តិការអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលលើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្នុងគ្រប់កិច្ចការជាច្រើន ជាអាទិ៍ ការការពារសន្តិសុខនៅតាមមណ្ឌលព្យាបាល និងមណ្ឌលចត្តាឡីស័ក, ការដឹកជញ្ជូនស្បៀងចែកជូនប្រជាពលរដ្ឋ, ការចូលរួមអនុវត្តវិធានការបិទខ្ទប់, ការចុះបាញ់ថ្នាំសម្លាប់មេរោគតាមទីកន្លែងសាធារណៈ, ការជួយដឹកជញ្ជូនប្រជាពលករត្រលប់, ការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ជាដើម។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងទ័ពជើងគោក ដែលពេញមួយឆ្នាំកន្លងទៅនេះ បានខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទី និងភារកិច្ច ទទួលបានលទ្ធផលល្អប្រសើរស្របតាមផែនការ ក៏ដូចជាការឆ្លើយតបបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពចំពោះស្ថានភាពយថាហេតុផ្សេងទៀត ជាពិសេសការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមចំពោះមុខដ៏ស្រួចស្រាល់ និងសូមបន្តកិច្ចខិតខំប្រឹងប្រែងឱ្យបានខ្លាំងក្លាថែមទៀត ដើម្បីសម្រេចបានសមិទ្ធផលកាន់តែល្អ ប្រសើរជូនជាតិ ប្រជាជន និងមាតុភូមិយើង។

បើតាម លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានអោយដឹងថា, ប្រទេសជាសមាជិកអាស៊ានបានឯកភាពគ្នា មិនអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ឱ្យចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះឡើយ ដោយសារតែ មានវឌ្ឍនភាពតិចតួចក្នុងការអនុវត្តកិច្ចព្រមព្រៀង៥ចំណុច ហើយសមាជិកអាស៊ានបានស្នើឱ្យមីយ៉ាន់ម៉ាបញ្ជូនអ្នកតំណាងដែលមិនជាប់ពាក់ព័ន្ធនយោបាយមកជំនួសវិញ។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានបញ្ជាក់ដូច្នេះថា៖ ដោយសារមានវឌ្ឍនភាពតិចតួចក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន ប្រទេសជាសមាជិកអាស៊ានបានឯកភាពគ្នា នឹងមិនអញ្ជើញរដ្ឋមន្ត្រីការបរទេសរបស់ក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ឱ្យចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនោះទេ។ ដូច្នេះយើងបានស្នើឱ្យមីយ៉ាន់ម៉ា បញ្ជូនអ្នកតំណាងដែលមិនជាប់ពាក់ព័ន្ធនយោបាយមកជំនួសវិញ។

លោកបានបន្តថា ទន្ទឹមនឹងនេះ យើងលើកទឹកចិត្តមីយ៉ាន់ម៉ាឱ្យជំនួសដោយភាគី ដែលមិនជាប់ពាក់ព័ន្ធនយោបាយជាជាងទុកកៅអីឱ្យនៅទំនេរ។ វាអាស្រ័យលើមីយ៉ាន់ម៉ាក្នុងការសម្រេចចិត្តថា «អ្នកតំណាងដែលមិនជាប់ពាក់ព័ន្ធនយោបាយ» នោះជានរណា។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ធ្លាប់មានប្រសាសន៍ថា, ការផ្តល់ព័ត៌មានស្តីពីដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសមីយ៉ាន់ម៉ា កន្លងទៅ គឺចង់បង្ហាញឱ្យឃើញពីគោលបំណងរបស់កម្ពុជាក្នុងការរួមចំណែកកសាងសន្តិភាពនៅមីយ៉ាន់ម៉ា ដែលនឹងទាមទារការបង្កើនទំនុកចិត្តទៅវិញទៅមក។ ខ្ញុំក៏បានបញ្ជាក់ជាថ្មីម្តងទៀតថា ដំណើរការសន្តិភាពនេះត្រូវតែដឹកនាំដោយមីយ៉ាន់ម៉ាខ្លួនឯង។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជានឹងប្រឹងប្រែងសម្របសម្រួលដំណើរការនេះ ប៉ុន្តែជាក់ស្តែង ការគាំទ្រក្នុងលក្ខណៈស្ថាបនាពីគ្រួសារអាស៊ាន និងដៃគូរបស់យើង ព្រមទាំងតួអង្គពាក់ព័ន្ធទាំងអស់ពិតជាមានសារៈសំខាន់ណាស់ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print