រដ្ឋលេខាធិការក្រសួងការបរទេសរុស្ស៊ី លោក Alexander Grushko បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពរបស់អាមេរិកដែលមានលក្ខណៈបំផ្លិចបំផ្លាញ គ្មានហេតុផល និងបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងក្នុងតំបន់ ក្រោយពីអាមេរិកបន្ថែមទាហានទៅកាន់តំបន់អឺរ៉ុប ។ លោក Alexander Grushko បញ្ជាក់ទៀតថា ការណ៍ដែលអាមេរិកបញ្ជូនទាហានទៅកាន់តំបន់អឺរ៉ុប គឺជាគម្រោងបង្វែរពីការធានាសន្តិសុខអឺរ៉ុបទៅស្ថានភាពប្រទេសអ៊ុយក្រែនវិញ។ សកម្មភាពរបស់អាមេរិកគឺជាការបង្ហាញ «សាច់ដុំ»និងបំផ្លាញសន្តិសុខនៅក្នុងតំបន់។ ការលើកឡើងខាងលើរបស់មន្ត្រីជាន់ខ្ពស់រុស្ស៊ី កើតឡើងក្រោយពេលក្រសួងការពារជាតិអាមេរិកបានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោននឹងបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់អឺរ៉ុបដើម្បីឆ្លើយតបទៅនឹងភាពតានតឹងនៅឯ តំបន់ព្រំដែនអ៊ុយក្រែន។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក John Kirby បានបញ្ជាក់ថា ការដាក់ពង្រាយកងទ័ព ខាងលើ ក្នុងនោះរួមមានកងទ័ពអាមេរិក១,០០០នាក់ ដែលបច្ចុប្បន្នកំពុងឈរជើងនៅអាល្លឺម៉ង់នឹងត្រូវបញ្ជូនទៅកាន់ប្រទេសរ៉ូម៉ានី ខណៈកងទ័ព២,០០០នាក់ផ្សេងទៀតនឹងត្រូវដាក់ពង្រាយពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសអាល្លឺម៉ង់ និងប៉ូឡូញ។ ប៉ុន្តែ ព្រមពេលជាមួយគ្នា នេះលោក John Kirby ក៏បានអះអាងដែរថា កងទ័ពទាំងនេះនឹងមិនឈរជើងជាអចិន្ត្រៃយ៍ឡើយ ហើយពួកគេក៏នឹងមិនទៅចូលរួមប្រយុទ្ធនៅក្នុងសមរភូមិណាមួយនៅអ៊ុយក្រែននោះដែរ។ សហរដ្ឋអាមេរិក បានដាក់ឱ្យកងទ័ពរបស់ខ្លួន៨,៥០០នាក់ ស្ថិតនៅក្នុងលក្ខណៈប្រុងជើងការខ្ពស់រួចរាល់ហើយដើម្បីត្រៀមខ្លួន សម្រាប់ការដាក់ពង្រាយទៅកាន់តំបន់អឺរ៉ុប នៅចំពោះមុខការបារម្ភថារុស្ស៊ីអាចនឹងលើកទ័ពសម្រុកចូលអ៊ុយក្រែន៕ ដោយសាធី
រូបថត៖CCTV.