ភ្នំពេញ ៖ បុរសម្នាក់ខូចចិត្តនឹងស្នេហាបានសម្រេចចិត្តមកធ្វើអត្តឃាតដោយលោតសម្លាប់ខ្លួនពីលើស្ពានអាកាសស្ទឹងមានជ័យ តែមិនបានសម្រេចត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋជួយចាប់យកចុះមកខាងក្រោមវិញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី៣ ខែ កុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ក្នងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
ជនរងគ្រោះមានឈ្មោះ ផល ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅខណ្ឌជ្រោយចង្វា។
បេីតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសខាងលើដើរឡើងលេីស្ពានអាកាសស្ទឹងមានជ័យក្នុងទិសដៅពីត្បូងទៅជើងនិងនិយាយទូរស័ព្ទបណ្ដើរផង ខណៈដើរមកដល់ពាក់កណ្ដាលស្ពានក៏បានបោះទូរស័ព្ទនិងកូនសោម៉ូតូចោលមកខាងក្រោម រួចឡើងលើបង្កាន់ស្ពានបម្រុងលោតសម្លាប់ខ្លួនធ្វើឱ្យផ្អើលដល់សមត្ថកិច្ចចរាចរណ៍ប្រចាំគោលដៅស្ពានអាកាសស្ទឹងមានជ័យឡេីងទៅមេីលនិងលួងលោមកុំឱ្យគេគិតខ្លីតទៅទៀត ក៏ប៉ុន្តែជនរងគ្រោះនៅមិនព្រមចុះពីបង្កាន់ដៃស្ពានឡើយ។ ឃើញដូច្នេះប្រជាពលរដ្ឋនិងសមត្ថកិច្ចបានចាប់សែងទាញចុះមកខាងក្រោម និងទាក់ទងទៅអ្នកស្គាល់ហៅឡំប្រឺតានាំបុរសនេះជិះត្រលប់ទៅផ្ទះវិញផងដែរ ៕
ដោយ៖ ភារ៉ា ដង្កោ